ប្រទេសកូរ៉េខាងជើងទំនងជាបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ២គ្រាប់ ធ្លាក់ចូលសមុទ្រជប៉ុន

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បាននិយាយថាកូរ៉េ ខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីល២គ្រាប់ធ្លាក់ចូលក្នុងតំបន់សមុទ្រជប៉ុន តែប៉ុន្មាន ថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាង ធ្វើតេស្ដមីស៊ីលចង្អុលប្រាប់ទិសគ្រូសមីស៊ីល (cruise missile) រយៈចម្ងាយឆ្ងាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។

យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមនោះទេ ខណៈយោធាជប៉ុនក៏បានអះអាងដែរ ថាមីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដនេះអាចជាប្រភេទមីស៊ីលបាលិស្ទីគ។

សូមបញ្ជាក់ថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃចន្ទ ទី១៣ ខែកញ្ញាកន្លងទៅនេះ ក៏បានរាយការណ៍ផងដែរថាទីក្រុងព្យុងយ៉ាងបានធ្វើតេស្តដោយជោគជ័យនូវគ្រាប់មីស៊ីលចង្អុលប្រាប់ទិសក្នុងរយៈចម្ងាយឆ្ងាយ ដែលគេតែងហៅថា គ្រូសមីស៊ីល (cruise missile) ប្រកបដោយជោគ ជ័យ កាលពីថ្ងៃអាទិត្យកន្លងទៅ។

បើតាម KCNA គ្រាប់មីស៊ីលដែលអាចមានសមត្ថភាព ពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បាន ហោះហើរក្នុងរយៈចម្ងាយ រហូតដល់ទៅ ១,៥០០គីឡូម៉ែត្រ រួចទើបបុកចំគោលដៅទៅតាមការ កំណត់ ហើយក៏បានធ្លាក់ទៅក្នុងដែនសមុទ្រ នៃប្រទេសកូរ៉េខាងជើងតែម្តង។

វាគឺជាការធ្វើតេស្តលើកចុងក្រោយហើយ បើគិតចាប់តាំងពីការធ្វើតេស្ត គ្រាប់មីស៊ីលរយៈចម្ងាយខ្លី មួយគ្រាប់ កាលពីអំលុងខែមីនា ឆ្នាំ២០២១៕