(កាប៊ុល)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានអោយដឹងថា ក្រុមតាលីបង់នៅថ្ងៃអង្គារសប្ដាហ៍នេះ បានថ្លែងអំណរគុណ ដល់ពិភពលោក ដែលបានសន្យាផ្តល់ជំនួយសង្គ្រោះបន្ទាន់ នូវទឹកប្រាក់រាប់រយលានដុល្លារអាមេរិក ដល់ប្រទេសអាហ្វហ្គានីស្ថាន ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកបង្ហាញ «ទឹកចិត្ត» ចំពោះប្រទេស ក្រីក្រមួយនេះផង។
សន្និសីទមួយនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស ដែលរៀបចំឡើង ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលមានបំណងរៃអង្គាសប្រាក់សម្រាប់ផ្ដល់ជំនួយ ដល់ប្រទេសអាហ្វហ្គានីស្ថាន បានបញ្ចប់ដោយការសន្យាផ្តល់ជំនួយនូវទឹកប្រាក់សរុបចំនួន ១.២ ពាន់លានដុល្លារអាមេរិក សម្រាប់ប្រទេសដែលបានហែកហួរដោយអំពើហិង្សា អស់រយៈពេល ២០ឆ្នាំមកនេះ។
លោក អាមៀ ខាន់ មូតតាគី (Amir Khan Muttaqi) រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសអាហ្វហ្កានី ស្ថាន បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា ក្រុមតាលីបង់នឹងចំណាយទឹកប្រាក់របស់ ម្ចាស់ជំនួយ ដោយល្អបំផុត ហើយនឹងប្រើវាដើម្បីកាត់បន្ថយភាពក្រីក្រ។
លោក Amir Khan Muttaqi បានសង្កត់ធ្ងន់ទៀតថា «យើងសូមអរគុណ និងស្វាគមន៍ការសន្យា របស់ពិភពលោក ចំពោះជំនួយនូវទឹកប្រាក់ប្រហែលមួយពាន់លានដុល្លារអាមេរិក ហើយសុំឱ្យពួក គេបន្តផ្តល់ជំនួយ ដល់ប្រទេសអាហ្វហ្គានីស្ថានទៅមុខទៀត។ ពួកយើងនឹងព្យាយាមឱ្យអស់ ពីសមត្ថភាព ដើម្បីផ្តល់ជំនួយនេះដល់ប្រជាជនខ្វះខាត ប្រកបដោយតម្លាភាព»។
លោក Amir Khan Muttaqi ក៏បានស្នើឱ្យទីក្រុងវ៉ាស៊ីនតោន បង្ហាញការកោតសរសើរចំពោះ ក្រុមតាលីបង់ ដែលបានអនុញ្ញាតឱ្យយោធាអាមេរិក បញ្ចប់ការដកកងទ័ព និងជម្លៀសប្រជាជនជាង ១២ម៉ឺននាក់ចេញពីប្រទេសកាលពីខែមុនផងដែរ ដោយសង្កត់ធ្ងន់ថា «សហរដ្ឋអាមេរិកគឺជា ប្រទេសដ៏ធំមួយ ដូចច្នេះពួកគេត្រូវមានទឹកចិត្តធំទូលាយ»៕