ហាណូយ(vnexpress)៖ក្រសួងសុខាភិបាលវៀតណាមកាលពីថ្ងៃសុក្របាននិយាយថាវ៉ាក់សាំងHayat-Vaxផលិតដោយក្រុមហ៊ុនចិននិងវេចខ្ចប់ដោយក្រុមហ៊ុនឳសថរបស់អេមីរ៉ាតអារ៉ាប់រួមត្រូវបានក្រុមហ៊ុនឳសថវៀតណាមអនុម័តVimedimexអនុម័តប្រើ។
ការអនុញ្ញាតអោយប្រើវ៉ាក់សាំងនេះដោយសារទិន្នន័យបង្ហាញថាវាមានសុវត្ថិភាព គុណភាពនិងប្រសិទ្ធភាព។
កាលពីមុនអេមីរ៉ាតអារ៉ាប់រួមបានអនុម័តប្រើវា ជាមួយនឹងលទ្ធផលពិសោធន៍បង្ហាញថាវាមានប្រសិទ្ធភាពប្រឆាំងវីរុសកូរ៉ូណាបាន៧៩ភាគរយ។
សូមបញ្ជាក់ថា វៀតណាមតាំងពីមុនមកបានចាក់វ៉ាក់សាំងអោយប្រជាជនខ្លួនបានជាង២៤,៩លាននាក់តែចាក់ពេញលេញ២ដូសបានតែ៤,៥លាននាក់ទេ។ប្រទេសនេះមានបំណងរកអោយបានវ៉ាក់សាំង១៥០លានដូសដើម្បីចាក់អោយប្រជាជន៧០ភាគរយហើយបង្កើតភាពស៊ាំក្នុងចំណោមប្រជាជន៩៦លាននាក់របស់ខ្លួននៅត្រឹមឆ្នាំក្រោយ។
ការអនុម័តប្រើវ៉ាក់សាំងមួយបន្ថែមទៀតនេះកើតឡើងចំពេលប្រទេសអាស៊ីអាគ្នេយ៍នេះជួបការផ្ទុះកូវីដ១៩ក្នុងសហគមន៍ដ៏អាក្រក់បំផុត ដោយការឆ្លងនៅតែបន្តកើនឡើងទោះជាបានបិទខ្ទប់មួយចំហៀងប្រទេសអស់ពេលបីបួនខែមកហើយក្តី។
កាលពីយប់ថ្ងៃសុក្រ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញអ្នកឆ្លងថ្មី១៣.៣០៦នាក់ ដោយរុញចំនួនឆ្លងសរុបនៅ៤ខែមកនេះឡើងដល់៥៨៥.០៥២នាក់។ទីក្រុងហូជីមិញនៅតែមានអ្នកឆ្លងថ្មីនាំមុខគេ គឺ៧.៥៣៩នាក់។
កាលពីថ្ងៃសុក្រ អ្នកជំងឺកូវីដ១៩ចំនួន២៥៤នាក់ទៀតបានស្លាប់ ក្នុងនេះ១៩៥នាក់នៅក្រុងហូជីមិញ៕