(ភ្នំពេញ)៖ តាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងការបរទេស ដែល ទទួលបាន គឺបានបញ្ជាក់ អោយដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃក ម្ពុជា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃ សាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះលោក វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង មានអាហារការ ងារពេលព្រឹកជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ លោកក៏នឹងអញ្ជើញមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សា លើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម ផងដែរ។
សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួល ជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងក្លាយជាទីតាំងសំខាន់សម្រាប់ រៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ហើយដែលក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈ កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC) និង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធាន CAMSOC ក៏នឹងមានវត្តមានផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម វ៉ាង យី ក៏នឹងអញ្ជើញធ្វើជាសាក្សី និងអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ។
ក្រសួងការបរទេសបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី មកកាន់កម្ពុជា លើកនេះ នឹងបន្តពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនៃភាពជា ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលដែល កំពុងកើតមាន។
បើតាមសេចក្តីប្រកាសរបស់ ស្ថានទូតចិនប្រចាំនៅកម្ពុជា, ចាប់ពីថ្ងៃទី១០ ដល់ ១៥ ខែកញ្ញា ឆ្នាំ២០២១ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នឹងធ្វើទស្សនកិច្ចកម្ពុជា និងប្រទេសជាមិត្តចំនួន៣ផ្សេងទៀត ដែលក្នុងនោះរួមមានវៀតណាម សិង្ហបុរី និងកូរ៉េខាង ត្បូងផងដែរ៕