(យូអិន)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ គឺបានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ម្នាក់នៃអង្គការសហប្រជាជាតិ (UN) នៅថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះ បានអំពាវនាវដល់អាជ្ញាធរតាលីបង់ នៅប្រទេសអាហ្វហ្គានីស្ថានឱ្យគោរព និងការពារសិទ្ធិស្ត្រី។
លោកស្រី ប្រាមីឡា ផាត់ធិន (Pramila Patten) មន្រ្តីជាន់ខ្ពស់ទទួលបន្ទុក កិច្ចការស្ត្រី នៃអង្គការសហប្រជាជាតិ បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ស្ត្រីមាន សិទ្ធិក្នុងការតវ៉ាដោយសន្តិវិធី និងរស់នៅដោយគ្មានអំពើហិង្សា។ ក្នុងការកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន អាជ្ញាធរតាលីបង់មានកាតព្វកិច្ចគោរព និងការពារសិទ្ធិទាំង នេះ»។
លោកស្រី Pramila Patten បានថ្លែងថា «ខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំង ចំពោះរូបភាពដែលបង្ហាញពី ស្ត្រីនៅអាហ្វហ្គានីស្ថាន ត្រូវបានគេវាយដំដោយរំពាត់ខ្សែតី ឬដោយដំបងឆក់ នៅពេលពួកគេប្រើសិទ្ធិ ក្នុងការតវ៉ាដោយសន្តិវិធី។ ខ្ញុំឈរដោយសាមគ្គីភាព ជាមួយស្ត្រីអាហ្វហ្គានីស្ថានទាំងអស់ ដែលកំពុង តស៊ូដើម្បីទាមទារការគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ពួកគេ»។
លោកស្រី Pramila Patten បានគូសបញ្ជាក់បន្ថែមទៀតថា «ខ្ញុំសូមអំពាវនាវជាថ្មីម្តងទៀតដល់ អាជ្ញាធរតាលីបង់ ឱ្យប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ពួកគេ ដើម្បីធានាបាននូវសិទ្ធិពេញលេញរបស់ស្ត្រី និងក្មេងស្រីនៅប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជាដើម្បីធានាបាននូវការបញ្ឈប់ជាបន្ទាន់ នៃការប្រើអំ ពើហិង្សា ដែលមិនអាចទទួលយកបានលើពួកគេ និងស៊ើបអង្កេតលើការរំលោភបំពានទាំងនេះ ដើម្បីចាប់ជនល្មើសឲ្យមកទទួលខុសត្រូវ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងណា ដែលមានអំពើហិង្សា បែបនេះកើតឡើង»។
បើតាមលោកស្រី Pramila Patten វាអាចមានភាពជឿជាក់តិចតួចបំផុត ចំពោះការសន្យារបស់ អាជ្ញាធរតាលីបង់ក្នុងការ គោរព និងការពារសិទ្ធិស្ត្រី ព្រមទាំងក្មេងស្រី ខណៈពេលដែលការរំលោភ បំពានជាក់ស្តែង បានកើតឡើងដោយគ្មានការដាក់ទោស។ លោកស្រីបានសង្កត់ធ្ងន់ថា ទាំងនេះត្រូវ តែមានវិធានការជាបន្ទាន់ ដើម្បីធានាបានថា ស្ត្រីអាចប្រើប្រាស់សិទ្ធិរបស់ពួកគេ ក្នុងការចូលរួមក្នុង ជីវិតសាធារណៈ និងនយោបាយរបស់ប្រទេសអាហ្វហ្កានីស្ថានបានយ៉ាងពេញលេញ ស្មើភាព និង សុវត្ថិភាព៕