ពិភពលោកបារម្ភអំពីរដ្ឋាភិបាលតាលីបង់ ខណៈប្រជាជនអាហ្វហ្គានីស្ថានជំរុញឱ្យមានសកម្មភាពលើសិទ្ធិមនុស្សនិងសេដ្ឋកិច្ច

ប្រទេសបរទេសបានស្វាគមន៍ការបង្កើតរដ្ឋាភិបាលថ្មីនៅអាហ្វហ្គានីស្ថានដោយការប្រយ័ត្នប្រយែងនិងការអាក់អន់ចិត្តកាលពីថ្ងៃពុធទី ៨កញ្ញាបន្ទាប់ពីក្រុមតាលីបង់បានតែងតាំងអតីតយុទ្ធជនក្បាលរឹងឡើងកាន់តំណែងកំពូលរួមទាំងមនុស្សជាច្រើនដែលអាម៉េរិកធ្លាប់ដាក់តម្លៃក្បាលសម្រាប់ការចាប់ខ្លួន។

ខណៈរដ្ឋមន្ត្រីថ្មីៗទើបតែងតាំងនិងអនុរដ្ឋមន្ត្រីរបស់ពួកគេគ្រោងនឹងចូលធ្វើការបន្ទាប់ពីពួកគេត្រូវបានតែងតាំងកាលពីល្ងាចថ្ងៃអង្គារ នាយករដ្ឋមន្ត្រីស្តីទី ម៉ូហាម៉ាត់ ហាសសាន់ អាខុន បានជំរុញឱ្យអតីតមន្ត្រីដែលបានភៀសខ្លួនពីអាហ្វហ្គានីស្ថានវិលត្រឡប់មកប្រទេសវិញ ដោយនិយាយថា សុវត្ថិភាពរបស់ពួកគេនឹងត្រូវបានធានា។

លោកបានប្រាប់ទូរទស្សន៍ Al Jazeera ថា “យើងបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់គ្រានៃប្រវត្តិសាស្ត្រមួយនេះហើយសម័យកាលនៃការបង្ហូរឈាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ”។

មនុស្សរាប់ម៉ឺននាក់បានចាកចេញពីប្រទេសបន្ទាប់ពីពួកតាលីបង់បានដណ្តើមអំណាចនៅពាក់កណ្តាលខែសីហាដោយពួកគេភាគច្រើនជាអ្នកជំនាញដែលខ្លាចការសងសឹកដោយសារតែពួកគេមានទំនាក់ទំនងជាមួយរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិច។

នៅទីក្រុងកាប៊ុល ស្ត្រីរាប់សិបនាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវសាជាថ្មីម្តងទៀតដើម្បីទាមទារឱ្យមានតំណាងស្ត្រីនៅក្នុងរដ្ឋបាលថ្មីនិងដើម្បីការពារសិទ្ធិរបស់ពួកគេ។

ប្រជាជនកាន់តែច្រើនបានជំរុញឱ្យថ្នាក់ដឹកនាំស្តារសេដ្ឋកិច្ចអាហ្វហ្គានីស្ថានដែលប្រឈមមុខនឹងអតិផរណា កង្វះស្បៀងអាហារកាន់តែធ្ងន់ធ្ងរឡើងដោយសារគ្រោះរាំងស្ងួតនិងការរំពឹងទុកនៃជំនួយអន្តរជាតិត្រូវបានកាត់បន្ថយ ខណៈប្រទេសនានាព្យាយាមនៅឆ្ងាយពីតាលីបង់៕