(ភ្នំពេញ)៖ តាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួង មហាផ្ទៃ ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ គឺយ៉ាងហោចណាស់មានជនសង្ស័យ៣១នាក់ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើស ព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែម ថា ក្នុងចំណោមជនសង្ស័យទាំង៣១នាក់នោះ មាន ១២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើស ព្រហ្មទណ្ឌ១១ករណី និងជនសង្ស័យ ១៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន១២ ករណី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយ ការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយ ការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕