អង់តែនទូរស័ព្ទរបស់យោធាមីយ៉ាន់ម៉ាជាច្រើនកន្លែងត្រូវបាតុករដុតបំផ្លាញ ក្រោយរដ្ឋាភិបាលស្រមោលអំពាវនាវឱ្យធ្វើសង្គ្រាមប្រឆាំងយោធា

សាក្សីនិងរបាយការណ៍នានាបាននិយាយនៅថ្ងៃពុធនេះថាក្រុមអ្នកតវ៉ាបានបំផ្លាញអង់តែនទូរគមនាគមន៍គ្រប់គ្រងដោយយោធាជាង១០កន្លែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋាភិបាលស្រមោលបានចេញសេចក្តីអំពាវនាវឱ្យធ្វើ “សង្គ្រាមការពារខ្លួន” ប្រឆាំងនឹងរបបយោធា។

ប្រទេសនេះបានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធាបានដណ្តើមអំណាចកាលពីខែកុម្ភៈដែលបង្កឱ្យមានការប្រមូលផ្តុំគ្នាគាំទ្រលទ្ធិប្រជាធិបតេយ្យទ្រង់ទ្រាយធំអមដោយការបង្ក្រាបដ៏សាហាវនិងការប្រយុទ្ធគ្នាជាថ្មីជាមួយកងជីវពលឧទ្ទាមជនជាតិភាគតិចនៅតាមតំបន់ព្រំដែន។

ជនស៊ីវិលជាង ១.០០០ នាក់ត្រូវបានសម្លាប់និងជិត ៨.០០០ នាក់ត្រូវចាប់ខ្លួន នេះបើយោងតាមក្រុមអ្នកសង្កេតការណ៍ក្នុងស្រុក។

ក្រុមអ្នកតវ៉ាបាននិយាយថា ពួកគេបានកំណត់គោលដៅទៅលើអង់តែនទូរស័ព្ទចំនួន ១១ កន្លែងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Mytel របស់យោធាដែលជាបណ្តាញទូរស័ព្ទចល័តធំបំផុតមួយក្នុងចំណោមបណ្តាញទូរស័ព្ទទាំងបួនរបស់ប្រទេសនេះនៅក្នុងទីក្រុងប៊ូដាលីនស្ថិតនៅតំបន់សាង៉ែងភាគកណ្តាលប្រទេស។

អ្នកស្រុកម្នាក់ដែលពាក់ព័ន្ធនឹងប្រតិបត្តិការវាយបំផ្លាញអង់តែននេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ចេតនារបស់យើងគឺចង់បំផ្លាញអាជីវកម្មរបស់យោធា។អាជីវកម្មរបស់ពួកគេគឺគាំទ្រពួកគេឱ្យរក្សាអំណាចរបស់ពួកគេ។ ដូច្នេះយើងត្រូវតែបំផ្លាញវា”។

រូបភាពវីដេអូពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញការផ្ទុះនៅឯគល់អង់តែនមួយ បន្ទាប់មកអង់តែនបានដួលរលំ ដោយមានការទះដៃអបអរពីអ្នកឈរមើលពីខាងក្រោម។

ប្រភពក្នុងស្រុកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា អង់តែនពីរទៀតត្រូវបានបំផ្លាញនៅកន្លែងផ្សេងនៅតំបន់សាង៉ែង។

ខណៈការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនិងអាជីវកម្មដែលគ្រប់គ្រងដោយយោធាគឺធ្លាប់ឃើញពីមុនការបំផ្ទុះអង់តែនជាបន្តបន្ទាប់កាលពីថ្ងៃអង្គារបានកើតឡើងបន្ទាប់ពីមានការអំពាវនាវឱ្យបំពាក់អាវុធតតាំងពីសំណាក់រដ្ឋាភិបាលរួបរួមជាតិ (NUG)។

NUG ដែលអះអាងថាជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសនេះ ត្រូវបានបង្កើតឡើងដោយក្រុមសមាជិកសភាដែលកំពុងលាក់ខ្លួនឬនិរទេសខ្លួនដែលភាគច្រើនជាសមាជិកសភាមកពីគណបក្សរបស់លោកស្រីអ៊ុងសានស៊ូជីដែលយោធាទម្លាក់ពីអំណាច។

ប្រធានស្តីទី NUG លោកឌូវ៉ា ឡាស៊ី ឡា កាលពីថ្ងៃអង្គារបានជំរុញឱ្យប្រជាពលរដ្ឋផ្តោតលើទ្រព្យសម្បត្តិយោធានៅក្នុងតំបន់របស់ពួកគេ។

លោកបាននិយាយនៅក្នុងវីដេអូដែលថតទុកជាមុនយ៉ាងដូច្នេះថា “យើងត្រូវធ្វើសង្គ្រាមការពារខ្លួនរបស់ប្រជាជនប្រឆាំងនឹងរបបយោធា។ចូរពលរដ្ឋទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាធ្វើការបះបោរប្រឆាំងនឹងភេរវករយោធាដឹកនាំដោយមីន អ៊ុងហ្លាំង”៕