មន្រ្តីជាន់ខ្ពស់កម្ពុជា៩៧នាក់ បញ្ចប់ការបណ្តុះបណ្តាល ស្តីពីការនាំមុខផ្នែកឌីជីថលូបនីយកម្ម និងបរិវត្តកម្មនៃសេដ្ឋកិច្ចកម្ពុជា

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់មកពីវិស័យឯកជន និងសាធារណៈចំនួន៩៧នាក់ ដែលបាន បញ្ចប់កម្មវិធី បណ្តុះបណ្តាលស្តីពី «ការនាំមុខផ្នែកឌីជីថលូបនីយកម្ម និងបរិវត្តកម្មនៃសេដ្ឋកិច្ចកម្ពុជា» ពីមជ្ឈ មណ្ឌលស្ទែនហ្វដសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ ដោយមានការសម្របសម្រួលពីសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ និងឧបត្ថម្ភថវិកាដោយសហគ្រិនខ្មែរ។

កម្មវិធីបណ្តុះបណ្តាលនេះ មានគោលបំណងរៀបចំអ្នកដឹកនាំកម្ពុជាជំនាន់ក្រោយ សម្រាប់ការឈាន ទៅមុខនៃឌីជីថលូបនីយកម្មរបស់កម្ពុជា តាមរយៈការបង្ហាញពីការអនុវត្ត និងចំណេះដឹងថ្មីៗពី សាកលវិទ្យាល័យស្ទែនហ្វដ (Stanford University) តំបន់ស៊ីលីខនវ៉ាលី (Silicon Valley) និង បណ្តាប្រទេស ផ្សេងៗនៅអាស៊ី។

ក្នុងរយៈពេលប្រាំសប្តាហ៍នៃកម្មវិធីបណ្តុះបណ្តាល មន្រ្តីជាន់ខ្ពស់មកពីវិស័យ ឯកជន និង សាធារណៈបានទទួលនូវចំណេះដឹងថ្មីៗអំពី ការគិតគូរបែបរចនា (design thinking) ការដឹកនាំ ប្រកបដោយនវានុវត្តន៍ (leading innovation) និងការគ្រប់គ្រងឌីជីថលូបនីយកម្ម (managing digital transformation) នៅក្នុងអង្គភាព តាមរយៈស៊េរីនៃសិក្ខាសាលាផ្ទាល់តាមអនឡាញ ការសិក្សា មុខវិជ្ជាទម្រង់អនឡាញ និងការពិភាក្សាជាក្រុម។

កម្មវិធីនេះបានបញ្ចប់ ដោយការធ្វើបទបង្ហាញអំពីគម្រោង ដែលអនុញ្ញាតឱ្យអ្នកចូលរួមបញ្ចូលលទ្ធ ផល ការសិក្សារបស់ពួកគេ ដើម្បីដោះស្រាយឬកែលម្អបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដោយប្រើប្រាស់ ឌីជីថលូបនីយកម្មនៅក្នុងវិស័យជាច្រើនក្នុងប្រទេសកម្ពុជារួមមាន វិស័យកសិកម្ម ពាណិជ្ជកម្ម ហិរញ្ញវត្ថុ សុខាភិបាល អប់រំ និងដឹកជញ្ជូន។

ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ការ សម្រេចបានបរិវត្តកម្មឌីជីថលដោយជោគជ័យ ចាំបាច់ត្រូវការមានការផ្លាស់ប្ដូរផ្នត់គំនិត បរិបទ ការងារ និងបច្ចេកវិទ្យា ដែលកត្តាទាំងនេះតម្រូវឱ្យមានរបៀបរបបការងារថ្មី ការកំណត់ ទិសដៅ ការងារជាយុទ្ធសាស្ត្រ និងបង្កើតគុណតម្លៃបន្ថែម។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គោលនយោបាយ និងផែនការសកម្មភាព កសាងគ្រឹះឌីជីផល តាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍និងការអភិវឌ្ឍ ណ្តាញ និងប្រព័ន្ធឌីជីថលដែលប្រទាក់ក្រឡាគ្នាដើម្បីសម្រេចគោលដៅ ផ្ដល់ភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានថ្លែងថា បច្ចុប្បន្ននេះពិភពលោក បាននិងកំពុងជួបប្រទះការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយ ប្រព័ន្ធឌីជីថល ដែលជាផ្នែកមួយនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបញ្ហារីករាលដាល នៃជំងឺកូវីដ-១៩។ ស្ថិតនៅក្នុងបរិការនេះ ទាំងវិស័យឯកជន និងវិស័យរដ្ឋបាលសាធារណៈ របស់ប្រទេសកម្ពុជា ត្រូវតែធ្វើការសម្របខ្លួន ដើម្បីអាចមានលទ្ធភាពបង្កើនផលិតភាពសេដ្ឋកិច្ចបន្ថែម, ការតភ្ជាប់ និងការ ធ្វើពិពិធកម្មសេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និងការធ្វើឱ្យប្រសើរឡើង នូវសុខុមាល ភាពសង្គមជាតិទាំងមូល។

ឯកឧត្តម បន្តថា កម្មវិធីបណ្តុះបណ្តាលនេះ បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង របស់ សហគ្រិនខ្មែរ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការផ្តល់កិច្ចគាំទ្រលើកម្មវិធីអប់រំ ដែលពាក់ព័ន្ធជាមួយនឹងសហគ្រិនភាព ការប្រើប្រាស់ ប្រព័ន្ធឌីជីថល និងជំនាញទន់ផ្សេងៗទៀត បន្ថែមពីលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បី អនុញ្ញតឱ្យកម្ពុជាឈាន ទៅរកការទទួលយក និងការផ្លាស់ប្តូរបែបសេដ្ឋកិច្ច និងសង្គមឌីជីថល ទាំងស្រុងនា១០ ទៅ១៥ ឆ្នាំខាងមុខទៀត៕