រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី ជួបគ្នាជជែកពីការពង្រឹងការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ មួយចំនួន

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន សម្រាប់ កម្ពុជា និងលោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី នៅរសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានជួបគ្នាតាមប្រព័ន្ធវីដេអូ ជជែកលើការពង្រឹង ការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត ដើម្បីជំរុញឱ្យការវិនិយោគ និងពាណិជ្ជ កម្មរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ។

យោងតាមការជូនព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ឯកឧត្តម ប៉ាន សូរស័ក្តិ និងលោក Gan Kim Yong បានពិភាក្សាផោ្តតសំខាន់លើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-សិង្ហបុរី វឌ្ឍនភាពនៃដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់ (RCEP) រវាងអាស៊ាន និងបណ្តាប្រទេសជាភាគីសមាជិក និងជាពិសេសការ ត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំទទួលធ្វើជាប្រធានអាស៊ាន និងការត្រៀមរៀបចំកិច្ចប្រជុំនានា នៅឆ្នាំ២០២២ ខាងមុខ។

ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានជម្រាបភាគីសិង្ហបុរី អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការគ្រប់គ្រង និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តា សំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-សិង្ហបុរី និងកិច្ច សហប្រតិបត្តិការដែលភាគីទាំងពីរគួរផ្តោតលើក្នុងការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមមាន ការ បន្តធានានូវលំហូរទំនិញ ការផ្គូរផ្គងធុរកិច្ច ការពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ការកសាងខ្សែ ច្រវាក់ផ្គត់ផ្គង់តំបន់ និងការបង្កើនការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា។

ក្នុងជំនួបដ៏មានសារសំខាន់នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបផងដែរ អំពីវឌ្ឍនភាពក្នុងការ រៀបចំការងារសំខាន់ៗនិងទិសដៅការងារក្នុងការត្រៀមរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។

ជាពិសេសក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងនោះរួមមាន ការចងក្រង ឯកសារគន្លឹះ ស្តីពីសមិទ្ធផលអាទិភាពសេដ្ឋកិច្ចសំខាន់ៗ ជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ដធ្វើ បច្ចុប្បន្នភាពលើដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងបានជម្រាបអំពីសារៈសំខាន់នៃការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះ នៅដើម ឆ្នាំ២០២២ ដើម្បីអាចទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ស្របពេលនឹងកិច្ចខិតខំប្រឹង ប្រែងស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម។

ឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-សិង្ហបុរី ព្រមទាំងគាំទ្រយ៉ាងពេញលេញក្នុង ការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីជួយគាំទ្រកម្ពុជា ឱ្យទទួលបានជោគជ័យពេល កម្ពុជាធ្វើជាប្រធានអាស៊ាន ជាពិសេសក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ច ប្រជុំពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០២២៕