ប្រទេសកូរ៉េខាងត្បូងសាកល្បងមីស៊ីលផ្លោងពីនាវាមុជទឹកជាលើកដំបូង

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍នៅថ្ងៃអង្គារនេះថា កូរ៉េខាងត្បូងបានសាកល្បងមីស៊ីលផ្លោង (SLBM) ពីនាវាមុជទឹកដោយក្លាយជាប្រទេសដំបូងគេដែលគ្មានអាវុធនុយក្លេអ៊ែរ អាចអភិវឌ្ឍន៍សមត្ថភាពបែបនេះ។

ដកស្រង់ប្រភពយោធាមិនបញ្ចេញឈ្មោះ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា នាវាមុជទឹក Dosan Ahn Chang-hoថ្មីមួយគ្រឿងបានធ្វើការធ្វើសាកល្បងបាញ់មីស៊ីលពីក្រោមទឹកដោយជោគជ័យកាលពីសប្តាហ៍មុន បន្ទាប់ពីការសាកល្បងស្រដៀងគ្នានេះត្រូវបានធ្វើឡើងពីសាឡង់មួយកាលពីខែមុន។

ក្រសួងការពារជាតិបាននិយាយថាខ្លួនមិនអាចបញ្ជាក់លម្អិតអំពីសមត្ថភាពអង្គភាពយោធាជាក់លាក់ណាមួយបានទេ ដោយសារហេតុផលសន្តិសុខ។
ទីភ្នាក់ងារអភិវឌ្ឍន៍ផ្នែកការពារជាតិមិនធ្វើអត្ថាធិប្បាយអ្វីទេហើយបានបង្វែរសំណួរទៅក្រសួងការពារជាតិ។

កាលពីសប្តាហ៍មុនក្រសួងការពារជាតិបានចេញប្លង់ការពាររបស់ខ្លួនសម្រាប់ឆ្នាំ ២០២២-២០២៦ ដែលអំពាវនាវឱ្យមានការអភិវឌ្ឍមីស៊ីលថ្មីៗ ដែលមានឥទ្ធិពលបំផ្លិចបំផ្លាញគួរឱ្យកត់សម្គាល់។

មីស៊ីល SLBM ត្រូវបានបង្កើតឡើងដោយប្រទេសចំនួនប្រាំពីរផ្សេងទៀតរួមមានសហរដ្ឋអាម៉េរិក រុស្ស៊ី ចិនអង់គ្លេស បារាំង ឥណ្ឌានិងកូរ៉េខាងជើង។ប្រទេសទាំងអស់នោះក៏មានអាវុធនុយក្លេអ៊ែរផងដែរ ដែលជាធម្មតាត្រូវបានប្រើដើម្បីបំពាក់មីស៊ីលលើ SLBM៕