បាងកក(BLOOMBERG)៖ ថៃគ្រោងនឹងបើកគោលដៅទេសចរណ៍ពេញនិយមរបស់ខ្លួនច្រើនទៀតចាប់ពីខែក្រោយទៅ ចំពេលការចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាជនកាន់តែបានចំនួនច្រើនដែលជាកក្តាទាក់ទាញភ្ញៀវទេសចរនិងធ្វើអោយសេដ្ឋកិច្ចដែលបំផ្លាញដោយជំងឺឆ្លងមានជីវិតឡើងវិញ។
ពួកមន្ត្រីក្រសួងទេសបាននិយាយថា ការបើកទីក្រុងបាងកក និងខេត្តឈៀងម៉ៃឡើងវិញ ព្រមទាំងរមណីយដ្ឋានឆ្នេរសមុទ្រ ប៉ាតាយ៉ា,ឆាអាមនិងហួហ៊ីនឡើងវិញចាប់ពីថ្ងៃ០១តុលាទៅ យកគំរូតាមការបើកដំណើរការទទួលភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងហើយនៅកោះភូកេត។
គោលដៅទេសចរណ៍ជាច្រើនទៀត រួមមាន ឈៀងរ៉ៃ ,កោះឆាងនិងកោះគុតក៏អាចនឹងបើកទទួលភ្ញៀវនៅពាក់កណ្តាលខែក្រោយ ហើយកម្មវិធីធ្វើដំណើរជាមួយប្រទេសក្បែរខាងអាចនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។
ការជំរុញបើកប្រទេសឡើងវិញសំរាប់អ្នកទេសចរបរទេសនេះ ជាផ្នែកនៃយុទ្ធសាស្ត្រ«រស់នៅជាមួយកូវីដ១៩»ថ្មីរបស់ថៃដែលនឹងបន្ធូរបន្ថយការរឹតត្បិតប្រឆាំងជំងឺឆ្លងកូវីដ១៩ដើម្បីអោយសេដ្ឋកិច្ចមានសកម្មភាពឡើងវិញ ហើយក្នុងពេលជាមួយគ្នាគ្រប់គ្រងកូវីដ១៩អោយនៅក្នុងកំរិតដែលប្រព័ន្ធសុខាភិបាលអាចដោះស្រាយបាន៕