ប្រធាន WHO ប្រចាំនៅកម្ពុជា បានគាំទ្រកម្ពុជាដែលសម្រេចចិត្ដត្រឹមត្រូវ ក្នុងការបើកដំណើរ ការសាលារៀនឡើងវិញ

(កំពង់ធំ)៖ លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជានាបច្ចុប្បន្ននេះ មានភាពធូរស្រាលជាងមុនហើយ ដូច្នេះការបើកដំណើរការនូវសាលារៀនឡើងវិញ គឺជាការសម្រេចចិត្ដមួយដ៏ល្អត្រឹមត្រូវ។

ការថ្លែងដូច្នេះរបស់លោកស្រី លី អាយឡាន ក្នុងឱកាសរួមដំណើរជាមួយលោកស្រី ឱ វណ្ណឌីន នាំយកអំណោយជាថវិកា និងសម្ភាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជូនលោកតា លោកយាយ ស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្ដកំពង់ធំ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះលោកស្រី បានលើកនូវហេតុផលចំនួន៣ចំណុចថា ១៖ សិស្សានុសិស្ស ឬសាលា រៀន មិនមែនជាចលករសំខាន់ ដែលធ្វើឱ្យមានផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នោះទេ, ២៖ ការបិទសាលារៀន ក្នុងរយៈពេលយូរ មានការប៉ះពាល់ធ្ងន់ធ្ងរ ដល់ការវិវឌ្ឍរាងកាយរបស់ក្មេងៗ ទាំងផ្លូវចិត្ដ និងចំណេះដឹង, ៣៖ គ្មានដំណើរការណាមួយ ដែលគ្មានហានិភ័យនោះទេ ប៉ុន្ដែអ្វីដែល យើងធ្វើបាន គឺការកាត់បន្ថយហានិភ័យ ឱ្យបានតិចបំផុត ។

ដូច្នេះហើយការបើកសាលារៀនឡើងវិញ គឺអាចឋិតនៅលើការគ្រប់គ្រងរបស់យើងបាន ដោយការ ដាក់បញ្ជូលវិធានការទាំងឡាយ ដែលយើងធ្លាប់អនុវត្ដកន្លងមក។

លោកស្រី លី អាយឡាន បានគូសបញ្ជាក់ថា «ជាការពិតណាស់ វិធានការ ៣ការពារ ៣កុំ ដែលដាក់ ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ឱ្យប្រជាពលរដ្ឋអនុវត្ដ ដើម្បីឱ្យចៀសផុតពីការចម្លងមេរោគកូវីដ ១៩នេះ គឺនៅតែមានប្រសិទ្ធភាព។

ដូច្នេះពេលបើកដំណើរការសាលារៀនឡើងវិញនេះ គឺត្រូវតែ អនុវត្ដវិធានការនេះ ឱ្យបានល្អបំផុត ដោយត្រូវមានវិធានការ និងការឆ្លើយតប។ ជាការពិតណាស់ ការផ្ទុះរាតត្បាតនឹងអាចកើតមានឡើង ពេលបើកសាលារៀនឡើងវិញ ប៉ុន្ដែបើយើងមានប្រព័ន្ធក្នុង ការរុករក ក្នុងករណីសង្ស័យ ហើយឆ្លើយតបទាន់ពេលវេលានោះ យើងនឹងអាចកាត់បន្ថយនូវហា និភ័យនេះ»។

លើសពីនោះ លោកស្រីបន្ដថា «បច្ចុប្បន្ននេះយើងឃើញថា ស្ថានភាពទូទៅមានភាពល្អប្រសើរ ឡើងវិញ បន្ទាប់ពីមានវិធានការសុខាភិបាល, យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មាន ដំណើរការល្អ និងការបង្កើនសមត្ថភាពនៃការគ្រប់គ្រង ព្យាបាលអ្នកជំងឺកូវីដ១៩។ ប៉ុន្ដែទោះបីជាស្ថានភាពបច្ចុប្បន្ននៃការជំងឺកូវីដ១៩នៅកម្ពុជា មានភាពធូរស្រាលក៏ដោយ ក៏យើងមិន ត្រូវបន្ថូរបន្ថយការអនុវត្ដនូវវិធានការ ៣ការពារ ៣កុំនោះទេ»។

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជារូបនេះ បានថ្លែងបន្ដថា «ខ្ញុំមានការប្រាកដក្នុងចិត្ដថា ស្ថាប័ន អាជីវកម្ម ឬមុខរបបផ្សេងៗរួមទាំងទេសចរណ៍ ក៏ចង់បើកដំណើរការឡើងវិញ ដូច្នេះយើងគួរ តែរៀនសូត្រ ពីបទពិសោធន៍ល្អៗនៃការបើកសាលារៀននេះ ដើម្បីទុកជាគំរូ ពេលបើកដំណើរការអ្វី មួយនៅពេលខាងមុខនេះ»។

ជាមួយគ្នានោះ លោកស្រី លី អាយឡាន ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងអបអរ សាទរសម្រាប់កម្ពុជា ដែលស្ថានភាពកូវីដ១៩ នាពេលបច្ចុប្បន្ននេះ បានត្រលប់មកភាពល្អប្រសើរ ឡើងវិញ តែទោះបីជាយ៉ាងក៏ដោយ ការងាររបស់យើងមិនទាន់បញ្ចប់នៅឡើយទេ ហានិភ័យនៃការ ផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ បណ្ដាលមកពីមេរោគបប្លែងថ្មីដែលតា និងមេរោគបប្លែងថ្មីផ្សេងទៀត នៅតែបន្ដកើតមាន ដូច្នេះសូមបន្ដអនុវត្ដនូវវិធានការសុខាភិបាល ៣ការពារ ៣កុំ និងចូលរួមទៅ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងការបង្កើនសមត្ថភាពក្នុងការគ្រប់គ្រង ព្យាបាលអ្នកជំងឺកូវីដ ១៩នេះ។

ជាងនេះទៅទៀត ត្រូវចាប់ផ្ដើមគិតគូររៀបចំឱ្យរួចជាស្រេចមុននឹងអ្វីៗកើតឡើង ពេល ត្រៀមក្នុងការបើកដំណើរឡើងវិញនូវ ស្ថាប័នផ្សេងៗនៅពេលថ្ងៃមុខ៕