កងកម្លាំងពិសេសហ្គីណេបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយកាលពីថ្ងៃអាទិត្យទី៥កញ្ញាដោយចាប់ខ្លួនប្រធានាធិបតីនិងដាក់បំរាមគោចរគ្មានកាលកំណត់នៅក្នុងប្រទេសក្រីក្រអាហ្វ្រិកខាងលិចមួយនេះ។
មន្ត្រីមិនបញ្ជាក់តួនាទីម្នាក់ដែលអមដោយទាហានប្រដាប់ដោយកាំភ្លើងបាននិយាយតាមវីដេអូផ្ញើទៅទីភ្នាក់ងារសារព័ត៌មាន AFP ថា “យើងបានសម្រេចចិត្តរំលាយរដ្ឋធម្មនុញ្ញបន្ទាប់ពីបានចាប់ខ្លួនប្រធានាធិបតី”។
មន្ត្រីរូបនេះក៏បាននិយាយផងដែរថា ព្រំដែនគោកនិងផ្លូវអាកាសរបស់ហ្គីណេត្រូវបានបិទហើយរដ្ឋាភិបាលបានរំលាយ។ វីដេអូមុនមួយដែលផ្ញើទៅ AFP ដោយក្រុមអ្នកគាំទ្ររដ្ឋប្រហារបានបង្ហាញ លោកប្រធានាធិបតីអាល់ហ្វា ខុនដេ អង្គុយនៅលើសាឡុងដែលហ៊ុមព័ទ្ធដោយកងទ័ព។
មេដឹកនាំវ័យ ៨៣ឆ្នាំរូបនេះបានបដិសេធមិនឆ្លើយសំណួររបស់ទាហានម្នាក់អំពីថាតើគាត់ត្រូវបានគេធ្វើបាបឬអត់។
នៅយប់ថ្ងៃអាទិត្យ របបយោធាបានប្រកាសបំរាមគោចរទូទាំងប្រទេស “រហូតដល់មានការជូនដំណឹងបន្ថែមពេលក្រោយ” ដោយនិយាយថាខ្លួននឹងកោះហៅរដ្ឋមន្ត្រីខុទ្ទកាល័យរបស់លោកខុនដេនៅម៉ោង ១១៖០០ ព្រឹកថ្ងៃចន្ទទី៦កញ្ញា។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា “រាល់ការបដិសេធមិនចូលរួមនឹងត្រូវចាត់ទុកថាជាការបះបោរ”។
សេចក្តីថ្លែងការណ៍បាននិយាយថា អភិបាលខេត្តនានានៃប្រទេសនិងអ្នកគ្រប់គ្រងកំពូលផ្សេងទៀតនឹងត្រូវជំនួសដោយយោធា៕