សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍បណ្តាប្រទេស និងវិស័យឯកជននានា ដែលមានចំណាប់អារម្មណ៍ ចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការផ្តល់ឥណទានកាបូន

(ភ្នំពេញ)៖ នៅក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ២០២១ ដែលរៀបចំដោយ ប្រទេសចិន តាមប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍បណ្តាប្រទេស និងវិស័យឯកជននានា ដែល មានចំណាប់អារម្មណ៍ចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការផ្តល់ឥណទាន កាបូន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា ៖ «ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការ ចូលរួមទីផ្សារកាបូនស្ម័គ្រចិត្ត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ហើយកម្ពុជាកំពុងរៀបចំការងារ មួយចំនួនបន្ថែមទៀត នៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។

កម្ពុជាចាត់ទុកឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទាន ប្រកបដោយចីរភាពដ៏សំខាន់មួយ សម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជាបើកចំហទទួលការចូលរួមនូវ ក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស និងវិស័យឯកជននានា ដែលមានចំណាប់អារម្មណ៍»។

ឥណទានកាបូន គឺជាឯកតាហិរញ្ញវត្ថុនៃការវាស់វែង តាងដោយការស្រូបយកឧស្ម័នផ្ទះកញ្ចក់ ដែលសមមូលឧស្ម័នកាបូនិក ចំនួន១តោនពីបរិយាកាស។
ប្រទេសអភិវឌ្ឍនៅលើសាកលលោក ដែលជាប់កាតព្វកិច្ចចូលរួមកាត់បន្ថយការបញ្ចេញកាបូន ត្រូវចំណាយថវិកាទិញឧស្ម័នកាបូនពី ប្រទេស កំពុងអភិវឌ្ឍ ឬអភិវឌ្ឍតិចតួច ដើម្បីឱ្យប្រទេសក្រីក្រទាំងនេះ រក្សាព្រៃឈើដែលជាអាង ស្តុកកាបូន ក្នុងការទប់ស្កាត់ ស្រូបទាញយកនូវឧស្ម័នកាបូនិក ដែលជះឥទ្ធិពលអាក្រក់ជំរុញឱ្យ មានការកើនឡើងកម្ដៅ។

រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីតែប៉ុណ្ណោះ នៅក្នុងចំណោម ប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។ គិតចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០ កម្ពុជាបានលក់ឥណទានកាបូនបានថវិកាចំនួន១១.៦ លានដុល្លារ។ ថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗ មានដូចជា៖ Disney Kering Intuit និង Shall និងក្រុមហ៊ុន Gucci។

កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តគម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្ត ស្ទឹងត្រែង បន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ និង កំណត់យកបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោលនយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែង ក្រោមអភិក្រម «ជាបញ្ហារួម ប៉ុន្តែការអនុវត្តផ្សេងៗគ្នាទៅតាមការទទួល ខុសត្រូវ និងសមត្ថភាពរៀងៗខ្លួន»។

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០, កម្ពុជាបានដាក់ជូនលេខាធិការដ្ឋាននៃអនុសញ្ញាក្របខណ្ឌ សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នូវរបាយការណ៍បច្ចុប្បន្នភាព នៃការចូលរួមចំណែក របស់ជាតិ ដោយបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ប្រមាណ ៦៤,៦ លានតោន សមមូលឧស្ម័ន កាបូនិក ត្រឹមឆ្នាំ២០៣០ នៅក្នុងវិស័យព្រៃឈើ, ថាមពល, ឧស្សាហកម្ម, កសិកម្ម និងការគ្រប់គ្រងសំណល់ ។

បន្ថែមលើនេះ កម្ពុជាក៏បាននិងកំពុងខិតខំរៀប ចំយុទ្ធសាស្ត្ររយៈពេលវែង ប្រកបដោយអព្យាក្រឹតភាពកាបូន ដោយរំពឹងថា នឹងចប់សព្វគ្រប់ នៅចុងឆ្នាំ២០២១នេះ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ៕