តំបន់ឆ្នេរខាងកើតអាម៉េរិកកំពុងប្រឈមមុខនឹងចំនួនអ្នកស្លាប់កើនឡើង ការកើនកម្ពស់ទឹកទន្លេនិងការខូចខាតដោយសារព្យុះកំបុតត្បូងអាយដាកាលពីថ្ងៃព្រហស្បតិ៍ទី០២កញ្ញា បន្ទាប់ពីសំណល់នៃព្យុះនេះបានបោកបក់មកលើតំបន់ដោយនាំឱ្យមានភ្លៀងធ្លាក់ខ្លាំងបំផុត បណ្តាលឱ្យមនុស្សលង់ទឹកស្លាប់យ៉ាងតិច ៤៦នាក់នៅក្នុងផ្ទះនិងរថយន្តរបស់ពួកគេ។
នៅក្នុងតំបន់មួយដែលគេព្រមានអំពីគ្រោះទឹកជំនន់ដ៏គ្រោះថ្នាក់ប៉ុន្តែមិនបានត្រៀមខ្លួនទប់ទល់នឹងការបក់បោកពីព្យុះសង្ឃរាព្យុះនេះបានសម្លាប់មនុស្សពីរដ្ឋម៉ារីលែនរហូតដល់រដ្ឋខុននិកធីខាត់នៅយប់ថ្ងៃពុធនិងព្រឹកថ្ងៃព្រហស្បតិ៍។
យ៉ាងតិចមនុស្ស ២៣ នាក់បានស្លាប់នៅរដ្ឋញូវជើស៊ី។ ប៉ូលិសបាននិយាយថាមនុស្សយ៉ាងតិច ១៣ នាក់បានស្លាប់នៅក្នុងទីក្រុងញូវយ៉ក ដែលក្នុងនោះមាន ១១ នាក់ស្លាប់នៅក្នុងផ្ទះល្វែងក្រោមដី ដែលជារឿយៗត្រូវបានប្រើជាផ្ទះតម្លៃសមរម្យនៅក្នុងទីផ្សារលំនៅដ្ឋានថ្លៃបំផុតមួយរបស់ប្រទេស។
តំបន់វេសឆេស្ទើនៅជាយក្រុងបានរាយការណ៍ករណីស្លាប់ចំនួន ៣ នាក់។
ក្រុមមន្ត្រីបាននិយាយថាយ៉ាងហោចណាស់មនុស្ស ៥ នាក់បានស្លាប់នៅរដ្ឋផេនស៊ីលវ៉ានៀ ក្នុងនោះមានម្នាក់បានស្លាប់ដោយសារដើមឈើដួលរលំនិងម្នាក់ទៀតលង់ទឹកស្លាប់នៅក្នុងរថយន្តរបស់គាត់ បន្ទាប់ពីបានជួយប្រពន្ធរបស់គាត់រត់គេចខ្លួន។
លោកវរសេនីយ៍ឯក ប្រាយអិន ម៉ូល ជាមន្ត្រីប៉ូលិសរដ្ឋខុននិកធីខាត់បានបាត់បង់ជីវិតបន្ទាប់ពីរថយន្តរបស់គាត់ត្រូវបានទឹកទាញទៅបាត់។ ការស្លាប់មួយទៀតត្រូវបានរាយការណ៍នៅរដ្ឋម៉ារីលែន៕