ហាណូយ(vnexpress)៖ វៀតណាមអាចប្រឈមសមរភូមិអូសបន្លាយពេលមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ហើយមិនអាចពឹងតែលើការបិទខ្ទប់និងវិធានការចត្តាឡីស័កគ្មានពេលកំណត់បានទេ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ផាំ មិញជិញ នៅពេលប្រទេសលោកបាននិងកំពុងតស៊ូទប់ទល់នឹងការផ្ទុះកូវីដ១៩ក្នុងសហគមន៍ដ៏អាក្រក់បំផុតអស់ពេល៤ខែមកនេះ។
វៀតណាមដាក់ពង្រាយទាហាននិងប៉ូលិសរាប់ពាន់នាក់ដើម្បីចាប់បង្ខំអោយប្រជាជនក្នុងទីក្រុងហូជីមិញនៅក្នុងផ្ទះនៅប៉ុន្មានសប្តាហ៍មកនេះ ក្នុងចំណាត់ការតឹងរឹងបំផុតរបស់ខ្លួនដើម្បីប្រយុទ្ធនឹងការឆ្លងរាលដាល តែចំនួនឆ្លងហាក់មិនស្រកស្រុតចុះសោះ។
នាយករដ្ឋមន្ត្រី ផាំ មិញជិញ បាននិយាយកាលពីយប់ថ្ងៃពុធថា «យើងមិនអាចអនុវត្តការធ្វើចត្តាឡីស័កនិងបិទខ្ទប់ជារៀងរហូតទេ ដោយសារវាបង្កការលំបាកសំរាប់ប្រជាជននិងសេដ្ឋកិច្ច»។
សូមបញ្ជាក់ថា ការងារតាមស្វែងរកប្រភពឆ្លងនិងការធ្វើចត្តាឡីស័កហ្មត់ចត់នៅក្នុងប្រទេសដែលមានប្រជាជន៩៨លាននាក់នេះបានជួយអោយវៀតណាមអាចគ្រប់គ្រងវីរុសនេះបានជាង១ឆ្នាំតែវីរុសបំប្លែងខ្លួនចម្លងលឿនបាននិងកំពុងវាយប្រហារប្រទេសជាខ្លាំងអស់ពេល៤ខែមកហើយចាប់តាំងពីចុងខែមេសាមក។
ចំនួនឆ្លងបានហក់ឡើងពីប៉ុន្មានពាន់កាលពីចុងខែមេសា មកដល់ប្រមាណ៤៨០.០០០នាក់នៅពេលឥឡូវ និងជាង១២.០០០នាក់ស្លាប់ដោយកូវីដ១៩។
លោកជិញបានជួបប្រជុំជាមួយអ្នកជំនាញការដើម្បីស្តាប់គំនិតអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។លោកបាននិយាយថា ការរឹតត្បិតបានបង្ក«ការលំបាកទាំងខាងសម្ភារនិងផ្លូវចិត្ត»។
វិធានការបច្ចុប្បន្ន ក៏បានបង្ខំអោយបណ្តាក្រុមហ៊ុននៅក្នុងអាជីវកម្មប្រើកម្លាំងពលកម្មច្រើន រួមមានក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលម៉ាកល្បីៗដូចជា Nike និង Adidasផ្អាកដំណើរការ។
សូមបញ្ជាក់ថា ទិន្នផលឧស្សាហកម្មវៀតណានៅខែសីហាបានធ្លាក់ចុះ៧,៤ភាគរយនៅពេលការនាំចេញធ្លាក់ចុះ៥,៤ភាគរយ ខណៈការលក់រាយទំនិញនិងសេវាដាំក្បាលចុះដល់ទៅ៣៣,៧ភាករយ។
លោកជិញបាននិយាយថា ការទប់ស្កាត់ការស្លាប់មនុស្សជាអាទិភាពកំពូលហើយការចាក់វ៉ាក់សាំងជាវិធានការគន្លឹះមួយ។
ប្រជាជនវៀតណាមទើបតែ២,៩ភាគរយបានចាក់វ៉ាក់សាំងនៅពេលអត្រាស្លាប់របស់អ្នកជំងឺកូវីដ១៩ខ្ពស់ដល់២,៥ភាគរយខណៈអត្រាស្លាប់ដោយកូវីដ១៩នៅលើពិភពលោកមានត្រឹមតែ២,១ភាគរយ៕