ទាហានថៃឃាត់ខ្លួនពលករខ្មែរបានចំនួន៧នាក់ រត់ចេញពីតំបន់បិទខ្ទប់

ក្រុងប៉ោយប៉ែតៈពលករខ្មែរចំនួន៧នាក់ដែលបានរត់ចេញពីតំបន់បិទខ្ទប់ត្រូវកម្លាំងសមត្ថកិច្ចថៃឃាត់ខ្លួនកាលពីវេលាម៉ោង១៨,៣០នាទី ថ្ងៃទី០១កញ្ញា២០២១ នេះ។

សេចក្ដីរាយការណ៌ពីរបន្ទាត់ព្រំដែននិយាយថាៈកម្លាំងទាហានរបស់ថៃដែលប្រចាំការតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញក្រុមបុគ្គលគួរឲ្យសង្ស័យចំនួន៧នាក់ ក្នុងនោះប្រុស៤ ស្រី២រួមទាំង ក្មេងប្រុសម្នាក់ នៅបរិវេណភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញា ខេត្តស្រះកែវ ទើបធ្វើការឃាត់ខ្លួនដើម្បី ត្រួតពិនិត្យ មកសួរនាំ នឹងធ្វើកំណត់ហេតុចាប់ខ្លួន។

ក្រោយពីសមត្ថកិច្ចថៃសួរនាំ បានឲ្យដឹងថា ក្រុមបុគ្គលទាំងអស់ជាជនជាតិខ្មែរ ធ្វើដំណើរមកពីធ្វើ ការជាកម្មករបោកគក់តុក្កតាប្រភេទ២ នៅក្នុងផ្សារទ្រព្យសម្បូរ នឹងលក់សម្លៀកបំពាក់លេខ២ នៅ ក្នុងផ្សារ បេន ចៈវ៉ាន់ នៅក្នុងបរិវេណផ្សាររោងគ្លឿ គឺជាតំបន់ដែលអាជ្ញាធរខេត្តស្រះកែវប្រកាស បិទខ្ទប់រយះពេល១៤ថ្ងៃ ដោយបច្ចុប្បន្ន មិនមានការងារធ្វើ ទើបពួកគេត្រូវការវិលត្រឡប់ទៅ ប្រទេសប្រទេសវិញ ដោយធ្វើដំណើរតាមច្រករបៀង បន្ទាប់មកសមត្ថកិច្ចថៃ អនុវត្តតាមវិធានផ្នែក សុខាភិបាល និងឃុំខ្លួន ដើម្បីឲ្យវិលទៅប្រទេសវិញ តាមច្រកអូរបីជាន់ ក្នុងស្រុកអូជ្រៅខេត្ត បន្ទាយមានជ័យ៕