(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) ដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ ដោយលោកបានលើកឡើងថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចខិតខំប្រឹងប្រែងជាដរាប ដើម្បីជួយ ជម្លៀសមនុស្ស ចេញពីប្រទេសអាហ្វហ្កានីស្ថាន ប្រសិនបើពួកគេចង់ចាកចេញ។
លោក Antony Blinken ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយតែប៉ុន្មានម៉ោង ប៉ុណ្ណោះ បន្ទាប់ពីយន្ដហោះអាមេរិកចុងក្រោយបំផុត បានចាកចេញពីអាហ្វហ្កានីស្ថាន នៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។
លោក Blinken បានគូសបញ្ជាក់ដូច្នេះ ថា «ទំព័រថ្មី មួយនៃការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយ អាហ្វហ្កានីស្ថានបានចាប់ផ្ដើមហើយ… យើងនឹងបន្ត កិច្ចខិតខំប្រឹងប្រែងរបស់យើងជាដរាប ដើម្បីជាពលរដ្ឋអាមេរិក, ជនបរទេស និងជនជាតិ អាហ្វហ្កា នីស្ថាន ឱ្យចាកចេញពីអាហ្វហ្កានីស្ថាន ប្រើសិនជាពួកគេជ្រើសរើសចាកចេញ»។
សូមបញ្ជាក់ថា បើតាមលោក Antony Blinken ពលរដ្ឋអាមេរិកប្រហែលជា ១០០នាក់ ត្រូវបាន គេជឿជាក់កំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាននៅឡើយ ខណៈពលរដ្ឋអាមេរិកច្រើនជាង ៦,០០០នាក់ ត្រូវបានជម្លៀស។ ចំណែកឯ មនុស្សយ៉ាងហោច ១២២,០០០នាក់បានចាកចេញ ពីរដ្ឋធានីកាប៊ុលចាប់តាំងពីថ្ងៃទី១៤ ខែសីហាមក ពោលគឺមួយថ្ងៃក្រោយក្រុមតាលីបង់ ឡើងកាន់ អំណាចគ្រប់គ្រងប្រទេសសាជាថ្មី៕