(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ គឺ សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃទី៣០ ខែសីហា (ពេលវេលានៅវ៉ា ស៊ីនតោន) ថា ការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានវិញ ត្រូវបានបញ្ចប់ទៅទាំងស្រុងហើយ ខណៈប្រតិបត្តិការជម្លៀសមនុស្ស ចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ត្រូវបានគេចាត់ទុកថា ជាភាពចលាចលខ្លាំងបំផុតមិនធ្លាប់មានសម្រាប់ផ្លូវអាកាស នៅក្នុងរយៈពេលជិត ២០ឆ្នាំមកនេះ។
បើតាមរបាយការណ៍ចុងក្រោយ មនុស្សសរុបជាង ១២២,០០០នាក់ ត្រូវបានជម្លៀសចេញពី អាហ្វហ្គានីស្ថាន តាមរយៈអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ (Hamid Kazai) នៃទីក្រុង កាប៊ុល តាំងតែពីថ្ងៃទី១៤ ខែសីហា មកម្ល៉េះ គឺមួយថ្ងៃមុនក្រុមតាលីបង់ ចូលមកគ្រប់គ្រងទីក្រុង កាប៊ុលទាំងស្រុង។
បើតាមការមើលឃើញជាក់ស្តែង ដោយសារតែក្រុមតាលីបង់ បានទន្ទ្រានគ្រប់គ្រងទីក្រុងកាប៊ុល និងប្រទេសអាហ្វហ្គានីស្ថានទាំងមូល លឿនរហ័សខ្លាំងពេក ទើបការជម្លៀសមនុស្សចេញពីប្រទេស អាស៊ីខាងត្បូងមួយនេះ ត្រូវបានធ្វើឡើងយ៉ាងតក់ក្រហល និងឈានទៅរកភាពចលាចល ហើយ ក្នុងនោះមនុស្សជិត ២០០នាក់ក៏បានបាត់បង់ជីវិតផងដែរ (១៣នាក់ជាងកងទ័ពអាមេរិក) នៅក្នុង ការវាយប្រហារសងសឹកគ្នារវាងបណ្តាញ ISIS និងកងទ័ពសហរដ្ឋអាមេរិក។
ជុំវិញការប្រកាសដកកងទ័ពចេញទាំងស្រុងរួចរាល់នេះ មេបញ្ជាការនៃទីបញ្ជាការកណ្តាលយោធា អាមេរិក លោកឧត្តមសេនីយ៍ ហ្វ្រេង ម៉ាកគែនហ្ស៊ី (Frank McKenzie) បានប្រាប់ក្នុងសន្និសីទសារ ព័ត៌មាននៅមន្ទីរបញ្ចកោណថា «មានរឿងគួរឲ្យសោកសង្រេងជាច្រើន បានកើតមានឡើងនៅក្នុង ដំណើរការជម្លៀសនោះ។
យើងមិនអាចនាំយកមនុស្សគ្រប់គ្នាតាមដែលយើងចង់ ឲ្យចេញមកជាមួយ យើងនោះឡើយ។ ប៉ុន្តែខ្ញុំគិតថា ថា ប្រសិនបើយើងមានពេលតែ ១០ថ្ងៃទៀតនោះ យើងនឹងអាចនាំយក គ្រប់គ្នាឲ្យចេញមកបាន»៕