វៀតណាមបន្តអនុវត្តវិធានការគម្លាតសង្គមនៅខេត្តភាគខាងត្បូងចំនួន៦ ក្រោយឆ្លង១៤.២១៩នាក់ទៀត

ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន១៤.២១៩នាក់នៅ៤១ទីតាំងកាលពីថ្ងៃចន្ទទី៣០សីហា ដែលនាំអោយចំនួនឆ្លងសរុបក្នុងការផ្ទុះកូវីដ១៩នៅរលកបច្ចុប្បន្នរយៈពេល៤ខែមកនេះកើនឡើងដល់៤៤៥.២៩២នាក់។

វាជាចំនួនឆ្លងក្នុងមួយថ្ងៃខ្ពស់បំផុតលំដាប់ទី២ចាប់តាំងពីកូវីដ១៩ផ្ទុះនៅវៀតណាម ក្រោយពីអាជ្ញាធរបានរកឃើញមនុស្ស១៧.៤០៩នាក់ឆ្លងកាលពីថ្ងៃ២៧សីហា។

ទីតាំងបីដែលមានអ្នកឆ្លងច្រើនជាងគេកាលពីថ្ងៃចន្ទ គឺខេត្តប៊ិញហ្វឿង (៦.០៥០នាក់) ក្រុងហូជីមិញជាប់គ្នានោះចំនួន៥.៨៨៩នាក់ និងខេត្តឡុងអាន ភាគខាងត្បូងមានអ្នកឆ្លង៥២៤នាក់។

កាលពីថ្ងៃចន្ទ វៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ដោយកូវីដ១៩ចំនួន៣១៥នាក់ ដែលនាំអោយចំនួនស្លាប់សរុបដោយកូវីដ១៩នៅក្នុងប្រទេសនេះកើនដល់ ១១.០៦៤នាក់៕

ដោយសារការឆ្លងនៅបន្តកើនឡើង វៀតណាមកាលពីថ្ងៃចន្ទបានសំរេចបន្តការអនុវត្តវិធានការគម្លាតសង្គមនៅខេត្តភាគខាងត្បូងចំនួន៦ រួមមាន ប៊ិញហ្វឿង,ឡុងអាន,តៃនិញ,ទៀនយ៉ាង,បេនត្រេ និងត្រាវិញ រហូតដល់ពាក់កណ្តាលខែកញ្ញា។

អាជ្ញាធរខេត្តប៊ិញហ្វឿង បានប្រកាសថា ខ្លួននឹងពន្យារពេលអនុវត្តវិធានការគម្លាតសង្គមរហូតដល់ថ្ងៃ១៥កញ្ញា នៅពេលចំនួនឆ្លងកូវីដ១៩នៅបន្តកើនឡើង។ខេត្តភាគខាងត្បូងដែលជាមជ្ឈមណ្ឌលផលិតកម្មឧស្សាហកម្មនេះ ជាកន្លែងផ្ទុះកូវីដ១៩ខ្លាំងបំផុតទី២បន្ទាប់ពីទីក្រុងហូជីមិញ។វាមានអ្នកឆ្លងសរុប១១០.២៥៨នាក់គិតត្រឹមថ្ងៃចន្ទហើយចំនួនឆ្លងសរុបត្រូវរំពឹងថានឹងឡើងដល់១៥០.០០០នាក់នៅប៉ុន្មានថ្ងៃខាងមុខ។

ខេត្តឡុងអាន ក្រោយការអនុវត្តវិធានការគម្លាតសង្គមអស់៤៣ថ្ងៃ នឹងបន្តការបិទខ្ទប់ពាក់កណ្តាលរហូតដល់ថ្ងៃ១៣ខែកញ្ញា។ចំណែកខេត្តបេនត្រេនឹងបន្តអនុវត្តការរឹតត្បិតដល់ថ្ងៃ១០កញ្ញានៅពេលតៃនិញ និងទៀនយ៉ាង បន្តដល់ថ្ងៃ១២កញ្ញា។

វិធានការគម្លាតសង្គមនេះមិនអនុញ្ញាតអោយមានការជួបជុំមនុស្សចាប់ពី២នាក់ឡើងនៅតាមទីសាធារណៈនិងសុំអោយប្រជាជនចាកចេញពីផ្ទះតែក្នុងករណីគ្រាអាសន្ន ទិញស្បៀងនិងថ្នាំពេទ្យព្រមទាំងទៅធ្វើការនៅរោងចក្រ ទីតាំងផលិតកម្មនិងស្ថាប័នជំនួញដែលពាក់ព័ន្ធនឹងទំនិញនិងសេវាចាំបាច់៕