នាយករដ្ឋមន្ត្រីប្រកាសយកថ្ងៃទី៩ វិច្ឆិកា ទទួលទានអំបុកការពារជាតិ ការពារព្រះមហាក្សត្រ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសយកថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីឲ្យជនរួមជាតិ ទទួលទានអំបុកជាតិ ការពារជាតិ ការពារសាសនា និងការពារព្រះមហាក្សត្រ។ ការប្រកាសពីការទទួលទានអំបុក នេះ ត្រូវគេមើលឃើញថា គឺដើម្បីកម្ចាត់ចោលចលនា និងផែនការរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា។

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី ជាង១ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យជនរួម ជាតិចូលរួមទទួលទានអំបុកទាំងអស់គ្នា នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ។

បើតាមសម្តេច ការទទួលទានអំបុកនេះ គឺដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ដើម្បី វាយបំបាក់ចលនាផ្តួលរំលំរាជរដ្ឋាភិបាល របស់ក្រុមទណ្ឌិតសម រង្ស៊ី និងអបអរសាទរព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប អកអំបុក និងសំពះខែ នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ វិច្ឆិកា។ សម្តេចតេជោ បានព្រមានដល់សកម្មជន គណបក្សប្រឆាំងដែលចូលរូមធ្វើយុទ្ធនាការម្រាម៩ និងចូលរួមសកម្មភាពផែនការរដ្ឋប្រហារនេះ ឲ្យដកខ្លួនជាបន្ទាន់ មិនដូច្នោះអាជ្ញាធរនឹងចាប់ខ្លួន យកមកផ្តន្ទាទោសទៅតាមច្បាប់របស់កម្ពុជា។ ផែនការរបស់ទណ្ឌិត សម រង្ស៊ី មិនមែនជាសិទ្ធិនៃការបញ្ចេញមតិទេ ប៉ុន្តែជាផែនការនៃការផ្តួលរំលំរាជរដ្ឋាភិបាល ផ្ទុយពីរដ្ឋធម្មនុញ្ញ។

សម្តេចតេជោ បានប្រកាសដែរថា ទោះឆ្នាំនេះទឹកទន្លេសាប រាក់ត្រឹមមួយម៉ែតក៏ដោយ ក៏រាជរដ្ឋាភិបាលត្រូវតែរៀបចំព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប អកសំបុក និងសំពះព្រះខែឲ្យខានតែបាន ដើម្បីផ្តល់ភាពរីករាយដល់ពលរដ្ឋ កម្ពុជា ហើយក៏ដើម្បីចង់ឃើញចលនារបស់រដ្ឋប្រហារក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ីផងដែរ។ សម្តេចតេជោ រង់ចាំថ្ងៃទី០៩ វិច្ឆិកា ដែលជាថ្ងៃកំណត់នៃ ផែនការវិលត្រលប់របស់លោក សម រង្ស៊ី គឺរង់ចាំដើម្បីវាយកម្ទេចចលនា បះបោរប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ដែរថា គិតមកពេលនេះ អយ្យការសាលាដំបូងខេត្តនានាដូចជាប៉ៃលិន កំពង់ចាម ស្វាយរៀង ឧត្តរមានជ័យ បានសម្រេចចោទប្រកាន់សកម្ម ជនគណបក្សសង្គ្រោះជាតិជាច្រើនរូបដែលបានចូលរួមផ្សំគំនិតក្បត់ជាតិ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ទៅតាមផែនការរបស់លោក សម រង្ស៊ី៕