អារ៉ាប៊ីសាអូឌីត បង្ហាញបំណងផ្តល់ជំនួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនល្បឿននៃការអភិវឌ្ឍ

ភ្នំពេញ ៖ មូលនិធិអារ៉ាប៊ីសាអូឌីតសម្រាប់ការអភិវឌ្ឍ មានបំណងផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ជាឥណទាន សម្បទានជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅអនុត្តគម្រោងសំដៅរួមចំណែកបង្កើនល្បឿននៃការអភិវឌ្ឍនៅ កម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក Saud F.M. Al Suwelim ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុង ហាណូយ ប្រទេសវៀតណាម នាជំនួបពិភាក្សាការងារជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី២ តុលា។

ក្នុងជំនួបនេះដែរលោកទូតបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាពក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ។ លើសពីនេះកម្ពុជារក្សាបាននូវសុខសន្តិភាព នៅទូទាំងប្រទេស ប្រកបដោយវឌ្ឍនភាព និងវិបុលភាព។ ឯកឧត្តមបានកត់សំគាល់ឃើញផងដែរថា នៅកម្ពុជា ប្រជាជនកាន់សាសនាអ៊ីស្លាមរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយប្រជាជនកាន់សាសនាផ្សេងទៀត ដែល បានបង្ហាញពីការគោរពសិទ្ធិមនុស្ស និងសេរីភាពខាងជំនឿ និងសាសនាយ៉ាងទូលំទូលាយ ។

ជាការឆ្លើយតប លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានជម្រាបជូនលោកឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតថា កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការកែទម្រង់ គ្រប់ជ្រុងជ្រោយ ដើម្បីទាក់ទាញការវិនិយោគ សម្រួលពាណិជ្ជកម្ម និងជំរុញសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា ហើយថា ពេលនេះ គឺជាឱកាសដ៏មានសារៈសំខាន់ដែលវិនិយោគិនអារ៉ាប៊ីសាអូឌីត គួរមកស្វែងយល់អំពីកាលានុវត្តភាព វិនិយោគនៅកម្ពុជា ។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន យល់ឃើញថា បច្ចុប្បន្ន វិសាលភាពនៃកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងអារ៉ាប៊ីសាអូឌីត នៅមិនទាន់ស័ក្តិសមជាមួយសក្តានុពលដែលប្រទេស ទាំងពីរមាននៅឡើយ។ ដូចនេះ ប្រទេសទាំងពីរនៅមានកាលានុវត្តភាពជាច្រើនទៀតក្នុងការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការ។ ក្នុងន័យនេះ ភាគីទាំងពីរបានឯកភាពជំរុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាង ថ្នាក់ដឹកនាំ ទាំងកម្រិតនយោបាយ ទាំងកម្រិតបច្ចេកទេស ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ច នៃប្រទេសទាំងពីរ ដើម្បីពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការឲ្យកាន់តែសកម្ម និងស៊ីជម្រៅថែមទៀត។ ដោយឡែក ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ។

ជាមួយគ្នានេះ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងមូលនិធិអារ៉ាប៊ីសាអូឌីតសម្រាប់ការអភិវឌ្ឍ ដែលមានបំណង ផ្តល់ឥណទានសម្បទានជូនរាជរដ្ឋាភិបាលកម្ពុជា។ លោកថា នេះគឺជាប្រភពហិរញ្ញប្បទានថ្មីមួយទៀតសម្រាប់ បំពេញតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកាត់បន្ថយភាព ក្រីក្រ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តពិភាក្សាជាមួយមូលនិធិអារ៉ាប៊ីសាអូឌីតសម្រាប់ការអភិវឌ្ឍអំពី លក្ខខណ្ឌនៃឥណទាននេះ មុននឹងឈានទៅកំណត់វិស័យអាទិភាព និងលើកសំណើគម្រោង ដើម្បីឲ្យស្របតាម យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធានាបាននូវកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាពនៅក្នុងរយៈពេលវែង និងមិនមានហានិភ័យបំណុល៕