(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានចុះអនុស្សរណៈ យោគយល់គ្នា (MoU) ជាមួយធនាគារវីង ( ខេមបូឌា) ម.ក ដើម្បីដាក់ឱ្យប្រើប្រាស់ សេវាកម្មទូទាត់ ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីង សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ ( Cambodia Trade) របស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កភាពងាយស្រួល ឆាប់រហ័ស និងមាន សុវត្ថិភាពជូនដល់អតិថិជន និងសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ MoU នេះក៏សហការក្នុងការ ផ្តល់វគ្គបណ្តុះបណ្តាលក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថល សម្រាប់សហ គា្រសធុនតូច និងមធ្យមនៅកម្ពុជា។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ បានធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតី ឯកឧត្តម ប៉ាន សូរស័ក្ក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងការចុះហត្ថលេខាជាផ្លូវការរវាង ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេ ខាធិការ ក្រសួងពាណិជ្ជកម្ម និងលោក ហាន ប៉េងក្វាង អគ្គនាយកធនាគារវីង ( ខេមបូឌា) ម.ក។
ឯកឧត្តម ប៉ាន សូរស័ក្ក បានលើកឡើងថា អនុស្សរណនៃការយោគយល់គ្នានេះជាព្រឹត្តិការណ៍ ដ៏សំខាន់ ដែលបានបញ្ជាក់ពីកិច្ចសហការរបស់រវាងក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន (ធនាគារវីង) ដើម្បីផ្តល់ភាពងាយស្រួលជូន អាជីវករ សហគ្រាសធុនតូច និងមធ្យម និងអតិថិជនក្នុង ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច សម្រាប់ទូទាត់ប្រតិបត្តិកាលើផ្សារខេមបូឌាត្រេដ។
ឯកឧត្តម ប៉ាន សូរស័ក្ក បានបន្ថែមថា ផ្សារខេមបូឌាត្រេដ របស់ក្រសួងពាណិជ្ជកម្មនេះ និងផ្តល់ ឱកាសឱ្យសហគ្រាសធន់តូច និងធ្យម អាចលក់ផលិតផលខ្មែរដែលមាន សក្តានុពលសម្រាប់ លក់ក្នុងស្រុក និងនាំចេញទៅលក់ក្នុងទីផ្សារក្រៅប្រទេស និងការដាក់តាំងលក់ទំនិញ នៅក្នុងទីផ្សារ មួយដែលទូលំទូលាយ និងមិនមានព្រំដែន ដែលអាចហៅថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដល់អតិថិជនក្នុងស្រុក និងអន្តរជាតិ។
ឯកឧត្តម បានបន្ថែមថា ការបង្កើតផ្សារខេមបូឌាត្រេដនេះ គឺបានស្របនៅនឹងបរិបទរបស់សេដ្ឋ កិច្ចកម្ពុជា និងការវិវត្តន៍ឆាប់រហ័សនៃបច្ចេកវិទ្យាថ្មី ដោយសារមានក្រុមជាច្រើន បានប្តូរអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូវនិក តាមរយៈការលក់តាមប្រព័ន្ធអេឡិចត្រូវនិក និងបណ្តាញសង្គមនានា ដែលក្នុងនោះសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ក៏មានការរីកចម្រើនខ្លាំង នៅក្នុងអំឡុងពេលនេះការរីករាលដាលនៃជំងឺកូវីដ១៩នេះ និងដោយមើលឃើញសកម្មភាពទាំងនេះ ក្រសួងក៏បានបង្កើត ផ្សារខេមបូឌាត្រេដនេះឡើង ដើម្បីប្រែក្លាយកាលានុវត្តភាពឱ្យទៅជាការពិត សម្រាប់សហគ្រាសធុនតូច និងមធ្យម។
លោក ហាន ប៉េងក្វាង បានឱ្យដឹងដែរថា ភាពជាដៃគូនេះអនុញ្ញាតឱ្យវីងចូលរួមចំណែកក្នុង ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយប្រើការទូទាត់ប្រាក់ តាមឌីជីថល។ ការទូទាត់តាមឌីជីថលកំពុងមានការពេញនិយមនៅជុំវិញពិភពលោកដោយសារភាពងាយស្រួល និងមានសុវត្ថិភាព៕