មួយគ្រួសារមានគ្នា៩នាក់ (៦នាក់ជាកុមារ) ស្លាប់ក្នុងការវាយប្រហារដោយដ្រូនអាមេរិក នៅក្នុងទីក្រុងកាប៊ុល

(កាប៊ុល)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានអាមេរិក CNN នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ គឺបាបបញ្ជាក់ប្រាប់អោយដឹងថា មនុស្សសរុប ០៩នាក់ ដែលជាសមាជិក ក្នុងគ្រួសារតែមួយ ត្រូវបានសម្លាប់យ៉ាង អាណោចអាធ័ម នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដោយយន្ដហោះដ្រូនអាមេរិក លើរថយន្ដ មួយគ្រឿង នៅឯតំបន់ទីប្រជុំជនមួយកន្លែងនៃរដ្ឋធានី កាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន។

អ្នកសារព័ត៌មាន CNN ដោយផ្អែកលើសាក្សីម្នាក់ ដែលជាសាច់ ញាតិគ្រួសារជនរងគ្រោះបានឱ្យដឹងទៀតថា នៅក្នុងចំណោមជនរងគ្រោះទាំង ០៩នាក់ខាងលើ ក្នុងនោះមានកុមារ ០៦នាក់ ហើយអ្នកមានអាយុតិចជាងគេ គឺក្មេងស្រីម្នាក់មានអាយុ ០២ឆ្នាំ។

បើតាមយោធាអាមេរិក ការវាយប្រហារតាមផ្លូវអាកាសនេះធ្វើឡើងនៅក្នុងតំបន់ ខាហ្សេ ប៊ូកហ៍រ៉ា (Khaje Bughra) នៃរដ្ឋធានីកាប៊ុល ដោយមានគោលដៅលើរថយន្ដមួយគ្រឿងរបស់ ISIS ដែល ពួកគេសង្ស័យថា មានបង្កៃគ្រាប់បែក។

ប៉ុន្តែសាច់ញាតិគ្រួសារជនរងគ្រោះខាងលើដដែល បាននិយាយទាំងទឹកភ្នែកថា ជនរងគ្រោះទាំង អស់សុទ្ធតែជាជនស៊ីវិលធម្មតា មិនមែនជាពួកគេ ISIS នោះទេ។ យ៉ាងណាក៏ដោយ កងទ័ព សហរដ្ឋអាមេរិកមិនទាន់់ចេញ សេចក្តីថ្លែងការណ៍បកស្រាយណាមួយនោះឡើយ មកទល់នឹង ពេលនេះ៕