IAEA សង្ស័យថា កូរ៉េខាងជើងកំពុងចម្រាញ់សារធាតុ «ភ្លុយតូនីញ៉ូម» សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ

(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ បញ្ជាក់អោយដឹងថាទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិចអន្តរជាតិ (IAEA) បានអះអាងថា កូរ៉េខាងជើងទំនងជាបានចាប់ផ្ដើមដំណើរការ រ៉េអាក់ទ័រនុយក្លេអ៊ែរមួយកន្លែង ដើម្បីចម្រាញ់សារធាតុភ្លុយតូញ៉ូម (plutonium) សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។

នៅក្នុងរបាយការណ៍របស់ខ្លួន ចេញផ្សាយកាលពីចុងសប្ដាហ៍មុន ទីភ្នាក់ងារ IAEA បានបញ្ជាក់ ទៀតថា ចាប់ផ្ដើមពីខែធ្នូ ឆ្នាំ២០១៨ រហូតដល់ដើមខែកក្កដា ឆ្នាំ២០២១ កូរ៉េខាងជើងមិនបាន ដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរនៅឯរោងចក្រ យ៉ុងប្យុន (Yongbyon) នោះទេ។

ប៉ុន្តែចាប់ពីដើមខែកក្កដា ឆ្នាំ២០២១មក រ៉េអាក់ទ័រនេះបានបញ្ចេញសកម្មភាព ដែលទំនងជាការ ផលិតសារធាតុភ្លុយតូញ៉ូម សម្រាប់អាវុធនុយក្លេអ៊ែរ។

សូមបញ្ជាក់ថា ទីភ្នាក់ងារ IAEA មិនអាចចូលក្នុងប្រទេសកូរ៉េខាងជើង ចាប់តាំងពីទីក្រុងព្យុង យ៉ាងបណ្ដេញមន្ត្រីអធិការកិច្ច នៃទីភ្នាក់ងារអន្តរជាតិមួយនេះ ចេញតាំងតែពីឆ្នាំ២០០៩មកម្ល៉េះ។

កូរ៉េខាងជើងត្រូវបានគេជឿជាក់ថា នៅតែបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយអាចនឹងដឹកនាំការធ្វើ តេស្ដជាថ្មី ក្នុងពេលឆាប់ៗនេះ។ ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរលើកចុងក្រោយបំផុត របស់កូរ៉េខាង ជើងធ្វើឡើងកាលពី២០១៧៕