មនុស្ស៧៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៩ ខែសីហា ម្សិលមិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានជនសង្ស័យ៧៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើស ព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហានេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៧៤នាក់នោះ មាន ៥២នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១៦ករណី និងជនសង្ស័យ ២២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន១៤ករណី។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តនមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និង ជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូល ដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕