យោធាអាមេរិកបញ្ជាក់ថា ស្នូរបំផ្ទុះគ្រាប់បែកដែលត្រូវបានរាយការណ៍មុននេះ គឺមិនមែនជា ករណី បំផ្ទុះគ្រាប់បែកទេ ប៉ុន្តែជាការវាយប្រហារតាមដ្រូនរបស់ខ្លួន ទៅលើជនសង្ស័យធ្វើអត្តឃាត

(កាប៊ុល)៖ តាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ ២០២១គឺបានបញ្ជាក់ថាយោងតាមមន្រ្តីការពារជាតិអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិកនៅ ថ្ងៃអាទិត្យនេះបានធ្វើការវាយប្រហារការពារតាមផ្លូវអាកាសនៅទីក្រុងកាប៊ុល ដោយកំណត់គោល ដៅលើរថយន្តធ្វើអត្តឃាតរបស់ជនសង្ស័យ នៃក្រុម ISIS-K ដែលសំដៅទៅកាន់អាកាសយាន ដ្ឋានក្រុងកាប៊ុល។

អ្នកនាំពាក្យបញ្ជាការកណ្តាលអាមេរិកលោក Capt. Bill Urban បាននិយាយ ថា «កម្លាំងយោធាអាមេរិកបានធ្វើការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើក(ដ្រូន)នៅថ្ងៃនេះនៅលើរថយន្តមួយនៅទីក្រុងកាប៊ុល ដែលសង្ស័យថាមានអាវុធសម្រាប់ធ្វើអត្តឃាតរបស់ក្រុម ISIS-K ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិហាម៉ាដកាហ្សៃ»។

សូមបញ្ជាក់ថា នៅមុននេះសារព័ត៌មាន AFP ក៏ដូចជាសារព័ត៌មានអន្តរជាតិដទៃទៀតបាន រាយការណ៍ថា មានករណីបំផ្ទុះគ្រាប់បែកដ៏ធំមួយ ដែលត្រូវបានលឺក្បែរព្រលានយន្តហោះកាប៊ុល៕