សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភអង្ករ ៥តោន ជូនសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

(កំពង់ធំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភអង្ករ ចំនួន៥តោន តាមរយៈលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ជូនដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ ចំពោះជាតិពិសេស ចូលរួមចំណែកក្នុងការអនុវត្តន៍ នូវនយោបាយឈ្នះឈ្នះដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្តេជ្ញាចិត្តនាំយកនូវស្បៀងអាហារទាំងនេះ ទៅផ្តល់ជូនបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនក្នុងកាលៈទេសៈដែលពិភពលោកទាំងមូល និងប្រទេសកម្ពុជា កំពុងរងផលប៉ះពាល់ដោសារការឆ្លងរាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ននេះ៕