ក្រុមតាលីបង់អំពាវនាវជាថ្មី ឲ្យអ្នករស់នៅទីក្រុងកាប៊ុល ប្រគល់រថយន្តរដ្ឋាភិបាល និងអាវុធនានា ប្រសិនបើពួកគេមានក្នុងដៃ

(កាប៊ុល)៖ ក្រុមតាលីបង់ដែលកំពុងគ្រប់គ្រងទីក្រុងកាប៊ុល និងប្រទេសអាហ្វហ្គានីស្ថាន បានអំពាវនាវឲ្យអ្នករស់នៅទីក្រុងកាប៊ុលទាំងអស់ ប្រគល់យានជំនិះរបស់រដ្ឋ អាវុធ និងគ្រឿងផ្ទុះផ្សេងៗទៀតដែលពួកគេមាននៅក្នុងដៃ ទៅឲ្យអាជ្ញាធរតាលីបង់វិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១។

ការអំពាវនាវនេះត្រូវបានធ្វើឡើង តាមរយៈអ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) នៅថ្ងៃសៅរ៍នេះតែម្តង។ អ្នកនាំពាក្យរូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា មិនត្រឹមតែយានជំនិះ ឬអាវុធនោះឡើយ សូម្បីតែទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវបានបង្ខាំងទុកនោះ ក៏ត្រូវតែប្រគល់ចេញមកវិញផងដែរ។ នេះជាការអំពាវនាវសាជាថ្មីទៀត ដែលត្រូវបានធ្វើឡើងដោយក្រុមតាលីបង់ បន្ទាប់ពីការចូលកាន់កាប់ទីក្រុងកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា។

សូមបញ្ជាក់ថា ក្រុមតាលីបង់ក៏បានរំលឹកផងដែរ អំពីការអំពាវនាវលើកដំបូងរបស់ខ្លួន ឲ្យមន្ត្រីរដ្ឋាភិបាលទាំងអស់ចូលបម្រើការងារដូចដើមវិញ ហើយប្រជាជនទាំងឡាយក៏អាចចេញមក ប្រកបមុខរបរចិញ្ចឹមជីវិតដូចធម្មតាផងដែរ។ សម្រាប់ការជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន ដែលកំពុងដឹកនាំប្រតិបត្តិការ ដោយសហរដ្ឋអាមេរិកវិញ ក្រុមតាលីបង់នៅតែប្រកាន់ជំហររបស់ខ្លួនជានិច្ចថា កងកម្លាំងបរទេសណា ដែលបន្តស្ថិតនៅទីនេះលើសកាលកំណត់ថ្ងៃទី៣១ ខែសីហា នោះនឹងត្រូវចាត់ទុកជាការឈ្លានពាន៕