(ភ្នំពេញ)៖ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ចំនួន២០នាក់ ដែលបានទទួល មរណៈភាព ក្នុងអំឡុងពេលជំងឺកូវីដ១៩ ត្រូវបានទទួលការយកចិត្តទុកដាក់ពីសំណាក់សម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសមាគមអតីយុទ្ធជនកម្ពុជា ដោយបានឧបត្ថម្ភ នូវថវិកា សរុបចំនួន ៨០លានរៀល ជូនគ្រួសារសពចំនួន២០គ្រួសារ។
ថវិកាទាំងនេះ ត្រូវបានក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នាំយកប្រគល់ ជូនផ្ទាល់ដល់គ្រួសារសព នៅតាមមូលដ្ឋានរស់នៅភូមិ សង្កាត់ ដើម្បីឱ្យក្រុមគ្រួសារសពអតីត យុទ្ធជនយកថវិកាទាំងនេះ សម្រាប់ដោះស្រាយកាត់បន្ថយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
ពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណៈសង្រ្គោះ បានរៀបចំប្រគល់ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ម្សិលមិ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ និងនៅ តាមបណ្តាខណ្ឌផ្សេងទៀត ក្រោមការដឹកនាំក្រុមការងារ ដោយលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរ ស.អ.យ រាជធានីភ្នំពេញ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង ប្រធានកិត្តិយស និងលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ដែលជាអនុប្រធាន ប្រចាំការ និងប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ។
លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា ថវិកាទាំងនេះប្រគល់ជូនសមាជិកគ្រួសារសព មកពី០៩ខណ្ឌ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកា ៤លានរៀលរួមមាន៖
*ទី១៖ ខណ្ឌសែនសុខ ចំនួន ១០គ្រួសារ
*ទី២៖ ខណ្ឌទួលគោក០១គ្រួសារ
*ទី៣៖ខណ្ឌប្ញស្សីកែវ០២គ្រួសារ
*ទី៤៖ ខណ្ឌដង្កោ០១គ្រួសារ
*ទី៥៖ ខណ្ឌពោធិ៍សែនជ័យ០១គ្រួសារ
*ទី៦៖ ខណ្ឌមានជ័យ០២គ្រួសារ
*ទី៧៖ ខណ្ឌចំការមន០១គ្រួសារ
*ទី៨៖ ខណ្ឌកំបូល០១គ្រួសារ
និងទី៩៖ ខណ្ឌបឹងកេងកង០១គ្រួសារ។
ក្នុងឱកាសនោះ លោកស្រីក៏បាននាំនូវបណ្តាំសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន កម្ពុជាគ្រប់ជាន់ថ្នាក់ និងការចូលរួមសំដែងនូវមរណៈទុក្ខដ៏ក្រៀមក្រំ ជាមួយបងប្អូនក្រុមគ្រួសារសព អតីតយុទ្ធជន ដែលសមាគមបានបាត់បង់នូវយុទ្ធជន ធ្លាប់មានគុណតម្លៃដ៏ធំធេង ដែលបានចូលរួម ចំណែកក្នុងការកសាងអភិវឌ្ឍប្រទេសកម្ពុជា និងជាពិសេសបានចូលរួមអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនាំប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ រហូតដល់បច្ចុប្បន្ននេះ។ វីរៈភាពភាពទាំងនេះ របស់បងប្អូនអតីតយុទ្ធជន គឺបាន ស្ថិតក្នុងការចងចាំជានិច្ចរបស់ប្រជាពលរដ្ឋខ្មែរ។
លោកស្រី មុំ ចាន់ដានី និងលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ក៏បានលើកឡើងទៀតថា សមាគម អតីយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយឯកឧត្តម ឃួង ស្រេង ប្រធានកិត្តិយស និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ប្រធានសមាគម អនុវត្តតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជា និងគោលការណ៍ដឹកនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់កាលៈទេសៈ គឺមិនបោះបង់បងប្អូនអតីតយុទ្ធជនកម្ពុជានោះទេ តែងតែចុះសាកសួរសុខទុក្ខ និងចូលរួមដោះ ស្រាយទុក្ខលំបាករបស់បងប្អូនជានិច្ច។
ជាក់ស្តែងក្នុងអំឡុងដែលប្រទេសកម្ពុជា ទទួលរងគ្រោះដោយជំងឺឆ្លងកូវីដ១៩ ថ្នាក់ដឹកនាំគ្រប់ជាន់ ថ្នាក់ ក៏បានគិតគូរពីសុវត្ថិភាពបងប្អូនអតីតយុទ្ធជន ដោយបានផ្តល់ជាអទិភាពដល់បងប្អូនអតីត យុទ្ធជន បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ចាប់ពីដូសទី១ រហូតដល់ដូសទី៣ ក្នុងការតបស្នងសង គុណដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ដែលបានលះបង់អាយុជីវិតហ៊ានពលីសព្វបែបយ៉ាង ចំពោះជាតិ និងមាតុភូមិកម្ពុជា៕