នាយករដ្ឋមន្ត្រីវៀតណាមផ្ញើលិខិតមួយច្បាប់ទៅ WHO ដើម្បីស្នើសុំជំនួយ វ៉ាក់សាំងបង្ការកូវីដ-១៩ ជាបន្ទាន់

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ អោយដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) នៅថ្ងៃអង្គារសប្ដាហ៍នេះបានផ្ញើលិខិតមួយច្បាប់ ជូនប្រមុខអង្គការសុខភាពពិភពលោក (WHO) ដើម្បីស្នើឱ្យស្ថាប័នអន្តរជាតិមួយនេះ ផ្ដល់វ៉ាក់សាំងបន្ថែមតាមរយៈយន្ដការណ៍ COVAX ឱ្យបានច្រើន និងឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដល់ប្រទេសរបស់លោក។

ការស្នើសុំខាងលើរបស់លោក Pham Minh Chinh ធ្វើឡើងចំពេលវៀតណាម កំពុងប្រឈមមុខ នឹងការកើនឡើងយ៉ាងខ្លាំង នូវករណីឆ្លង COVID-19 ប្រចាំថ្ងៃ បង្កឡើងដោយវីរុសបំប្លែងខ្លួន Delta បើទោះជាកំពុងអនុវត្តវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹង ក្រោមជំនួយពីយោធាក៏ដោយ។ ទីក្រុងហូជីមិញគឺជាចំណុចកណ្ដាល នៃការឆ្លងរាលដាល COVID-19 នៅក្នុងប្រទេសវៀតណាម តែស្ថិតនៅចំពោះមុខការកើនឡើងករណីឆ្លងនេះ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយ ទើបតែ សម្រេចបានការចាក់វ៉ាក់សាំងគ្រប់ដូស ត្រឹមតែ ២ភាគរយប៉ុណ្ណោះ នៃប្រជាជនសរុបរបស់ខ្លួនជាង ៩៨លាននាក់។

សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយវ៉ាក់សាំងធំជាងគេបំផុតរបស់វៀតណាម ខណៈនៅក្នុងកិច្ចប្រជុំជា មួយលោក Pham Minh Chinh អគ្គរដ្ឋទូតចិនប្រចាំទីក្រុងហាណូយក៏បានសន្យាដែរថា ចិននឹង ផ្ដល់អំណោយជាវ៉ាក់សាំង COVID-19 ចំនួន ២លានដូសដល់វៀតណាម ហើយការសន្យានេះ ទៀតសោតធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ប្រកាសពីផែនការផ្ដល់ជំនួយវ៉ាក់សាំង Pfizer/BioNTech ចំនួន ១លានដូសបន្ថែមទៀតឱ្យវៀតណាម។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៣៦៩,២៦៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១៦២,២៧៩ នាក់ ខណៈចំនួនអ្នកស្លាប់ ៩,០១៤នាក់៕