នំពេញ: កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធា នីភ្នំពេញបានចេញសេចក្តីសម្រេចដាក់ចេញនូវវិធានការរដ្ឋបាលដោយបន្តផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែសីហា រហូតដល់ថ្ងៃទី៩ ខែកញ្ញា។
ក្នុងអំឡុពេលនៃការដាក់ចេញនូវវិធានការរដ្ឋបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រយៈពេល ១៤ថ្ងៃនេះ ត្រូវផ្អាកជាបណ្តោះអាសន្ននូវសាលារៀន អាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ សួនកម្សាន្តនានា អាជីវកម្មម៉ាស្សា សូណា និងស្ទីមគ្រប់ប្រភេទ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លិបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។
ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្ននូវការជួបជុំនិងការប្រមូល ផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១៥នាក់ លើកលែងតែករណីមួយចំនួន។
ក្រៅពីនោះ សកម្មភាពការងារ មុខរបរនិងអាជីវកម្មដែលមិនត្រូវហាមឃាត់និងការជួបជុំឬការប្រមូលផ្តុំមនុស្ស ជាលក្ខណៈឯកជនដែលត្រូវបានលើកលែងនៃសេចក្តីសម្រេចនេះត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យមានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ ការស្កេន QR Codeនិងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង៣កុំ។
សេចក្តីសម្រេច ក៏បានព្រមានថា ក្នុងករណីរកឃើញថា បុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលបំពាន វិធានការនេះត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាលនិងទណ្ឌកម្មច្បាប់រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស ស្របតាមច្បាប់កូវីដ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ។
នេះជាលើកទី៣ហើយ គិតចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដែលអាជ្ញាធររាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការរដ្ឋបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី ដែលតា ដែលកំពុងឆ្លងរាលដាលខ្លាំងនៅកម្ពុជាយើង ហើយច្រើនជាងគេ នៅរាជធានីភ្នំពេញ។
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ប្រភេទ ដែលតា ចំនួន ៣២៦នាក់ នៅថ្ងៃទី២២ ថ្ងៃទី២៣ និងថ្ងៃទី២៤ ខែសីហាគឺរកឃើញនៅ រាជធានី ខេត្ត ចំនួន ១២ ក្នុងនោះ នៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែងនិងខេត្ត សៀមរាប រកឃើញច្រើនជាងគេ។
ក្រសួងសុខាភិបាល ប្រកាសថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី ដែលតា សរុប ១៣២៥នាក់ នៅក្នុងរាជធានី-ខេត្ត ចំនួន ២៣ លើកលែងតែ ២ខេត្តប៉ុណ្ណោះ គឺខេត្តកែប និងខេត្តក្រចេះ។ នៅភ្នំពេញ រកឃើញឆ្លងដែលតា ច្រើនជាងគេ រហូតដល់ ៣៧៥នាក់។
មិនថា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទេ រៀងរាល់ថ្ងៃ មានប្រកាសពីការបិទខ្ទប់កន្លែងដែលមានការឆ្លងរាលដាលកូវីដ១៩ នៅតាមភូមិ និងតាមផ្សារ កន្លែងធ្វើការ ជាដើម។ ចំនួនអ្នកឆ្លងកូវីដ ក៏រកឃើញខ្ទង់ជាង ៤០០នាក់ និងស្លាប់ជាង ១០នាក់ ក្នុង ១ថ្ងៃៗ។
នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ក្រសួងសុខាភិបាល ប្រកាសថា នៅទូទាំងប្រទេសកម្ពុជា មានករណីឆ្លងកូវីដ១៩ ចំនួន ៤២៨នាក់ ជាសះស្បើយ ៥៧២នាក់ និងស្លាប់ ១៤នាក់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេស មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៩០៥៣៥នាក់។ ក្នុងនោះ មានអ្នកជាសះស្បើយ ចំនួន ៨៦៧០២នាក់ និងករណីស្លាប់សរុប កើនឡើងដល់ ១៨៣៥នាក់។
ដូច្នេះអំឡុងពេលនេះ យើងម្នាក់ៗ ត្រូវតែបន្តគោរពតាមវិធានសុខាភិបាល វិធានការរដ្ឋបាលដូចអ្វី ដែលបានអនុវត្តកន្លងមក។ ធ្វើដូច្នេះ ដើម្បីកុំឲ្យត្រូវរងនូវការផាកពិន័យជាប្រាក់រាប់ម៉ឺនរៀលផង ហើយត្រូវប្រឈមនឹងទោសជាប់ពន្ធនាគារផង និងដើម្បីកុំឲ្យឆ្លងកូវីដ១៩ រាលដាលក្នុងសហគមន៍យើងផង។
អំឡុងពេលនេះ យើងម្នាក់ៗ ក៏កុំភ្លេចខ្លួន ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ។ ប្រជាពលរដ្ឋយើង ក៏ត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការគ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសវីរុសប្រភេទបំប្លែងថ្មី ដែលតា ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងកម្ពុជាជាយថាហេតុណាមួយ៕