ក្រសួងសាធារណការ បង្កើតកម្មវិធីផ្សាយផ្ទាល់ ផ្តល់ឱកាសឱ្យពលរដ្ឋសួរលើបញ្ហាផ្សេងៗ ជាសមត្ថកិច្ចរបស់ក្រសួង

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើតកម្មវិធីផ្សាយផ្ទាល់លើទំព័រ Facebook របស់ក្រសួង ដើម្បីផ្តល់នូវព័ត៌មានផ្សេងៗ ព្រមទាំងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋសាកសួរព័ត៌មាន ទាក់ទងនឹងសមត្ថកិច្ចរបស់ក្រសួងផងដែរ។

កម្មវិធីផ្សាយផ្ទាល់ ដែលមានឈ្មោះថា «MPWT LIVE SHOW» នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១នេះ។ វាគ្មិនដំបូង ដែលចូលមកស្វាគមន៍កម្មវិធីផ្សាយផ្ទាល់នេះ គឺ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងចូលខ្លួនបកស្រាយលើប្រធានបទ «សមិទ្ធផលហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ ឆ្នាំ២០២៣»។ តាមរយៈប្រធានបទនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងលើកបង្ហាញការ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន ដែលបានសាងសង់នៅកម្ពុជា។

នៅក្នុងកម្មវិធី ដែលចាប់ផ្តើមនៅម៉ោង៩ព្រឹកថ្ងៃទី៣០ ខែសីហា ខាងមុខនេះ ក៏មានការផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋសួរសំណួរពាក់ព័ន្ធនឹងប្រធានបទខាងលើនេះផងដែរ។

សូមបញ្ជាក់ថា កម្មវិធី MPWT LIVE SHOW ដែលបង្កើតឡើងដោយក្រសួងសាធារណការ និង ដឹកជញ្ជូននេះ គឺជាកម្មវិធីចែករំលែកព័ត៌មានទៅក្នុងសង្គម និងអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធសួរសំណួរនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផ្តល់ឱកាសឱ្យពួកគាត់បាន ចូលរួមជា មតិយោបល់ជាមួយថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធរបស់ក្រសួងក្នុងពេលវេលាជាក់ស្ដែង នៅក្នុងបរិបទនៃការប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។

យោងតាមតារាងកាលវិភាគសម្រាប់ប្រចាំឆ្នាំ២០២១នេះ ក្រសួងគ្រោងរៀបចំកម្មវិធី MPWT LIVE SHOW ចំនួនប្រាំលើប្រធានបទដូចជា៖

ទី១៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុង បន្តរហូតដល់ឆ្នាំ២០២៣

ទី២៖ ការងារលេខពិសេសផ្ទាល់ខ្លួន

៣៖ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក

៤៖ ការងារបច្ចេកទេសផ្លូវថ្នល់

៥៖ ការងារវិស័យដឹកជញ្ជូនផ្លូវគោក។

ការបង្កើតឡើងនូវកម្មវិធីនេះ ក៏មានការកោតសរសើរ និងស្វាគមន៍ពីប្រជាពលរដ្ឋផងដែរ។ ពួកគេចាត់ទុកថា នេះជាមធ្យោបាយថ្មីមួយទៀតរបស់ក្រសួង ក្នុងការផ្តល់ព័ត៌មាន ឆ្លើយចម្ងល់ និងបញ្ហារបស់ប្រជាពលរដ្ឋ៕