មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ណែនាំមន្ត្រីជញ្ជីង ត្រូវអនុវត្តការងារថ្លឹងរថយន្តឱ្យបាន តឹងរ៉ឹងបំផុតតាមបទប្បញ្ញត្តិនៃច្បាប់

(បាត់ដំបង)៖ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានណែនាំដល់មន្ត្រីស្ថានីយជញ្ជីងអចល័តក្នុងខេត្តបាត់ដំបងដែលទើបតែងតាំងថ្មី ត្រូវខិតខំអនុវត្តការងារ ថ្លឹងរថយន្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងតឹងរ៉ឹង បំផុតតាមបទប្បញ្ញត្តិនៃច្បាប់។

ឯកឧត្តម សេង ឈួន បានណែនាំដូចនេះកាលពីដើមសប្តាហ៍នេះ ក្នុងឱកាសចុះប្រកាសតែងតាំង សមាសភាពមន្រ្តីស្ថានីយថ្លឹងយានយន្ត និងដាក់ឱ្យប្រើប្រាស់ ស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្ន ពុកឆ្មា-ខេត្តបាត់ដំបង ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគ.ម ២៨១+៥០០ ក្នុងភូមិ ដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង និងដោយមានការចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណ:ការខេត្តបាត់ដំបង, ស្នងការ ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋានមួយចំនួនផងដែរ។

ឯកឧត្តម សេង ឈួន ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានគាំទ្រ និង សហការលើការដាក់ដំណើរស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្ន ក្នុងខេត្តបាត់ដំបង និងបានណែ នាំដល់មន្ត្រីត្រូវអនុវត្តតាមវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ១៩។
ឯកឧត្តម ងួន រតនៈ បានឱ្យដឹងដែរថា ដើម្បីទប់ស្កាត់បញ្ហាដឹកលើសទម្ងន់នេះឱ្យមានប្រសិទ្ធភាព គឺទាមទារឲ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ ទាំងមន្រ្តី អនុវត្តច្បាប់ អាជ្ញាធរមូលដ្ឋាន និងគ្រប់ម្ចាស់យានយន្តដឹកជញ្ជូន ហើយក្រុមការងារត្រូវតែមានភាពស្មោះត្រង់ មានទំនួលខុស ត្រូវខ្ពស់ និងត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ប្រកបដោយតម្លាភាព និងគ្មានការលើកលែង ឡើយដល់អ្នកដែលប្រព្រឹត្តខុសច្បាប់នោះឡើយ។

សូមបញ្ជាក់ផងដែរថា ស្ថានីយជញ្ជីងអចល័តបណ្តោះអាសន្នពុកឆ្មា-ខេត្តបាត់ដំបង នឹងចាប់ផ្ដើម ដំណើរការថ្លឹងសាកល្បងក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ និងអនុវត្តផ្លូវការចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។

មន្រ្តីជំនាញ និងអាជ្ញាធរខេត្ត អំពាវនាវដល់សាធារណជនក៏ដូចជាសមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ អ្នកបើកបរ រថយន្តធុនធ្ងន់ និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាសហការជាមួយមន្រ្តីមានសមត្ថកិច្ចអនុវត្តតាមបទ បញ្ញាត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ទាំង អស់គ្នា៕