ឯកឧត្តម កែវ រ៉េមី ស្នើកុំឱ្យអ្នកនយោបាយ និងអ្នកវិភាគ លាបពណ៌ និងកេងចំណេញពីដំណើរឯកជន របស់ សម្តេចក្រឡាហោម ស ខេង ទៅប្រទេសបារាំង

(ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានស្នើដល់ក្រុមអ្នកនយោបាយ និងអ្នកវិភាគមួយ ចំនួន កុំឱ្យលាបពណ៌ និងព្យាយាមកេងចំណេញពីដំណើរឯកជនរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសបារាំង លើកនេះ។

តាមរយៈបណ្តាញព័ត៌មាន ក្នុងស្រុកមួយ ឯកឧត្តម កែវ រ៉េមី លើកឡើងយ៉ាងដូច្នេះថា៖ «យើងចេះ តែលាបពណ៌ យើងចេះតែសរសេរនិយាយប្តេជ្ញាផ្លាស់នៅក្នុងផ្ទៃក្នុងរបស់គេ យើងអត់ដឹងរឿងគេសោះ យើងចេះតែនិយាយ…! អញ្ចឹងមានកិច្ចការខ្លះដែលយើងអត់ដឹង ដូចដុំផ្ទាំងទឹកកក ដែលយើងឃើញ នៅលើទឹក ដុំតូចមួយ ក៏ប៉ុន្តែយើងអត់ដឹងថា នៅក្រោមទឹកមានផ្ទាំងទឹកកកដ៏ធំ នៅខាងក្រោមហ្នឹងទេ អញ្ចឹងអ្វីដែលយើងមើលឃើញនឹងភ្នែក វាមិនប្រាកថថាអញ្ចឹងទេ ដូច្នេះសូមឱ្យចៀសវាងការបន្តនូវ វប្បធម៌លាភពណ៌ទៀត សូមឱ្យការធ្វើនយោបាយប្រកបដោយសុច្ចរិត យុត្តិធម៌ ហើយមានលក្ខណៈ សីលធម៌ខ្ពស់នោះបុគ្គលនៃការធ្វើនយោបាយនោះ ឬក្រុមនោះ ឬក៏អ្នកវិភាគនោះនឹងទទួលបាន នូវការគោរព និងទទួលបានតម្លៃខ្លួនឯង»។

ការលើកឡើងរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង តាមរយៈសារព័ត៌មានមួយ បានផ្សព្វផ្សាយថា ក្រុមលោក សម រង្ស៉ី មានបំណងជួបជាមួយ សម្តេច ក្រឡាហោម ស ខេង អំឡុងពេលសម្តេចមានវត្តមាននៅប្រទេសបារាំង ដើម្បីរកដំណោះស្រាយ នយោបាយសម្រាប់ពួកគេ ហើយថាពួកគេស្វាគមន៍បើសិនជាសម្តេចក្រឡាហោម បើកភ្លើងខៀវឱ្យ មានជំនួបក្រៅផ្លូវការណាមួយ។

ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់បន្ថែមទៀតថា៖ «ខ្ញុំសង្កេតឃើញ ឥរិយាបទ អត្តចរិក សម្តេច ក្រឡាហោម លោកជាមនុស្សម្នាក់ ដែលមិនចូលចិត្តនិយាយច្រើនទេ អញ្ចឹងការដែលគាត់មិនចូល ចិត្តនិយាយច្រើន ខ្ញុំតាមដានប្រព័ន្ធ Online ឃើញមានការមួលបង្កាច់ ហើយលាបពណ៌គាត់ច្រើន ណាស់…! ហើយនយោបាយលាបពណ៌នេះ ជានយោបាយគ្រោះថ្នាក់បំផុត ដែលខ្មែរយើងពីអតីត កាល យើងគួរគប្បីរៀនសូត្រ ដែលយើងវិនាសអន្តរាយប្រជាជនខ្មែរស្លាប់អស់ជាង ៣លាននាក់ ក្នុងសម័យ ប៉ុល ពត គឺដោយសារការលាបពណ៌នេះឯង»។

បន្ថែមពីនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ ក៏បានរំឮកឡើងវិញថា កាលនៅក្នុង របបដឹកនាំដោយក្រុមខ្មែរក្រហមគឺអ្នកនយោបាយបានលាបពណ៌ទៅលើមនុស្សផ្សេងទៀតដែលគេសង្ស័យ ឬមិនពេញចិត្តថាជា CIA របស់អាមេរិកាំង, KGB របស់រុស្ស៉ី ជាអ្នកយកការណ៍ ឬចារកម្ម របស់វៀតណាមជាដើម។ល។ ការលាបពណ៌នេះហើយ គឺបានសម្លាប់ខ្មែរគ្នាឯងយ៉ាងច្រើនផង ដែរ។

«នយោបាយលាភពណ៌ គឺបានធ្វើឱ្យអន្តរាយដល់ប្រទេសជាតិ យើងបានឆ្លងកាត់បទពិសោធន៍ដ៏ មហាអាក្រក់ នៅក្នុងសម័យ១៩៧៥ ដល់១៩៧៩ នៃរបបអាវខ្មៅ អញ្ចឹងខ្ញុំគ្រាន់តែជម្រាបជូនថា យើងគួរកែទម្លាប់ ហើយកុំឱ្យបទពិសោធន៍ អាក្រក់នៃអតីតកាលហ្នឹងវាត្រឡប់មកវិញ ហើយគួរគប្បីធ្វើ នយោបាយដោយសុច្ចរិត យុត្តិធម៌ សេចក្តីថ្លៃថ្នូរ ការវិភាគក៏វិភាគទៅតាមហេតុផល ទៅតាមអ្វីដែល ខ្លួនមើលឃើញនៅក្នុងកម្រិតមួយដែលជៀសវាងការវិភាគចេះតែប៉ាតណាប៉ាតណី ឱ្យបានតែនិយាយ អាហ្នឹងដល់ពេលគេមើលមកវាបាត់តម្លៃនៃការវិភាគ ឬសំណេររបស់ខ្លួន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ ឯកឧត្តម កែវ រ៉េមី។
គួបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ដោយសារធុរផ្ទាល់ ខ្លួន។ ការអញ្ជើញទៅកាន់ប្រទេសបារាំងនេះ ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា។

«សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះថា ខ្ញុំមកប្រទេសបារាំង គឺដោយសារមានធុរផ្ទាល់ខ្លួន ហើយគ្មានកម្មវិធីផ្សេងនោះឡើយ»។ នេះបើតាមប្រសាសន៍របស់ សម្តេចក្រឡាហោម ស ខេង ប្រាប់ទៅ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ដែលទទួលបាន៕