ចិនផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកម្ពុជា ៥០ម៉ឺនដូសបន្ថែមទៀត, ដឹកមកដល់កម្ពុជានៅរសៀលថ្ងៃនេះ

(ភ្នំពេញ)៖ រដ្ឋាភិបាល និងប្រជាជនចិន បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម ចំនួន ៥០ម៉ឺនដូសបន្ថែមទៀតជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ វ៉ាក់សាំងជាជំនួយបន្ថែមរបស់រដ្ឋាភិបាល និងប្រជាជនចិននេះ នឹងដឹកមកដល់ប្រទេសកម្ពុជានៅរសៀលថ្ងៃនេះ។

ការមកដល់បន្ថែមនៃជំនួយដ៏វិសេសវិសាល ដើម្បីសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាទប់ទល់នឹងជំងឺកូវីដ១៩នេះ ក៏មានរៀបចំពិធីប្រគល់ និងទទួលផងដែរ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ពិធីនេះនឹងមានការអញ្ជើញចូលរួមជាអធិបតីដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ ក្នុងនោះប្រទេសចិន ត្រូវបានសម្តេចតេជោ ហ៊ុន សែន កំណត់ជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងនេះ។

គិតត្រឹមថ្ងៃទី១២ ខែសីហា កន្លងទៅ កម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបប្រមាណជា ២៤លានដូស។ ក្នុងនោះវ៉ាក់សាំងមកពីប្រទេសមានចំនួន ២១.៧លានដូស ហើយ ៣.២លានដូសជាជំនួយ។

វត្តមានដ៏ច្រើននៃវ៉ាក់សាំងរបស់ចិន បានរួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជាសម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុ ១២ឆ្នាំឡើង ប្រមាណជា ១២លាននាក់ បានសម្រេចមុនផែនការ។

វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន នៅកម្ពុជា បានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែងគ្នារាល់ការលំបាក។ ជាពិសេសបានបង្ហាញនូវស្មារតីចូលរួមដ៏ខ្លាំងក្លារបស់ចិន ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា៕