(ញូយ៉ក)៖ ព្យុះត្រូពិក ហិនរី (Henri) បានបោកបក់ទៅលើកោះ រ៉ូដ (Rhode Island) ក្បែរទីក្រុង វែស្ទើលី (Westerly) នៃសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ នៅក្នុងល្បឿនខ្យល់ ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះបានកាត់ផ្តាច់ចរន្តអគ្គិសនី នៅលើកោះនោះ និងតំបន់ក្បែរខាង ដែលនាំឲ្យប៉ះពាល់ដល់ប្រជាជនរាប់សែននាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។
ព្យុះត្រូពិកខាងលើនេះ មានឥទ្ធិពលទីលើទីក្រុងស្ថិតនៅបណ្តោយឆ្នេររដ្ឋ ខុនណិចធីខាត់ (Connecticut) និង ញូយ៉ក (New York) និងធ្ងន់ធ្ងរជាងគេគឺទៅលើកោះ Rhode Island តែម្តង។ បើតាមអាជ្ញាធរអាមេរិក មានសេចក្តីរាយការណ៍អំពីការដាច់ចរន្តអគ្គិសនី ពីសំណាក់ប្រជនជនជាង ១០០,០០០នាក់ នៅតំបន់តាមបណ្តោយឆ្នេរភាគឦសាន។
បន្ថែមពីខាងលើនេះ មនុស្ស ៨៦នាក់ត្រូវបានជួយសង្គ្រោះនៅក្នុងរដ្ឋ ញូចឺស៊ី (New Jersey) ក្រោយពីពួកគេបានជាប់គាំងក្នុងរថយន្ត នៅកំលុងពេលមានគ្រោះទឹកជំនន់កើតឡើង។ បើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលអាមេរិក ជើងហោះហើរទាំងក្នុងស្រុក និងក្រៅស្រុកសរុបជាង ១,០០០ជើង ក៏ត្រូវបានលុបចោលផងដែរ ចំពោះមុខឥទ្ធិពលនៃព្យុះត្រូពិក Henri។
គួរបញ្ជាក់ថា ទោះបីជាព្យុះ Henri បានថមថយឥទ្ធិពលពីព្យុះទីហ្វុង មកនៅត្រឹមកម្រិតព្យុះត្រូពិកមែន ក៏ឥទ្ធិពលរបស់វានៅតែអាចបង្កឲ្យមានខ្យល់បោកបក់ និងភ្លៀងធ្លាក់យ៉ាងគំហុក បង្កទៅជាគ្រោះទឹកជំនន់ដូចខាងលើនេះ។ រដ្ឋញូយ៉ក ខុនណិចទីខាត់ ម៉ាស្សាជូសេតស៍ និងកោះ Rhode Island សុទ្ធតែទទួលរងខ្យល់បោក់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងសន្ធប់នៅថ្ងៃអាទិត្យ ទី២២ ខែសីហា (ពេលវេលានៅអាមេរិក) ហើយនឹងអូសបន្លាយដល់ថ្ងៃចន្ទនេះទៀត៕