WHOជំរុញឱ្យធ្វើសកម្មភាព ខណៈការចល័តទីនៅឥណ្ឌូនេស៊ីត្រឡប់មកដល់កម្រិតមុនពេលមានកូវីដ១៩

អង្គការសុខភាពពិភពលោក (WHO)បានជំរុញឱ្យប្រទេសឥណ្ឌូនេស៊ីចាត់វិធានការទប់ស្កាត់ការ ចម្លងមេរោគកូរ៉ូណាបន្ទាប់ពីទិន្នន័យថ្មីបានបង្ហាញថា ការចល័តទីសម្រាប់ការដើរទិញអីវ៉ាន់និងការកម្សាន្តបានឈានដល់កម្រិតមុនពេលមានជំងឺរាតត្បាតនៅក្នុងតំបន់សំខាន់ៗមួយចំនួន។

ឥណ្ឌូនេស៊ីដែលកាលពីខែមុនបានក្លាយជាមជ្ឈមណ្ឌលនៃការផ្ទុះឡើងនៃមេរោគកូរ៉ូណានៅអាស៊ីបានរក្សាទុកការរឹតត្បិតការបំលាស់ក្នុងសង្គមដែលបច្ចុប្បន្នអនុញ្ញាតឱ្យផ្សារទំនើបនិងភោជនីយដ្ឋាននៅក្នុងតំបន់ដែលបានកំណត់ អាចដំណើរការបានក្នុងសមត្ថភាព ២៥ ភាគរយ។របាយការណ៍ស្ថានភាពចុងក្រោយរបស់ WHO បានគូសបញ្ជាក់អំពី “ការកើនឡើងគួរឱ្យកត់សម្គាល់ នៃបំលាស់ទីក្នុងសហគមន៍នៅកន្លែងលក់រាយនិងកន្លែងកម្សាន្ត” នៅក្នុងខេត្តបានធិន ខេត្តជ្វាខាងលិច និងខេត្តជ្វាកណ្តាល ដែលមានប្រជាជនសរុបប្រមាណ ៩៧ លាននាក់។

កន្លែងលក់រាយនិងកន្លែងកម្សាន្តគឺសំដៅលើភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារទំនើប បណ្ណាល័យ សារមន្ទីរ និងសួនកម្សាន្ត។ផ្អែកលើទិន្នន័យ Google ពីសប្តាហ៍ទីពីរនៃខែសីហា WHO បាននិយាយថា ការចល័តទីបានឈានដល់កម្រិតមិនធ្លាប់ឃើញចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២០ ។របាយការណ៍នេះបាននិយាយថា “ការបង្កើតផែនការជាក់លាក់និងសកម្មភាពបន្ទាន់គឺមានសារៈសំខាន់ណាស់ក្នុងការគិតគូរទុកជាមុននិងកាត់បន្ថយផលប៉ះពាល់នៃបំលាស់ទីមកលើការចម្លងមេរោគនិងសមត្ថភាពប្រព័ន្ធសុខាភិបាល”។

ជំរុញដោយមេរោគ Delta ដែលឆ្លងរាលដាលយ៉ាងខ្លាំងនោះ ករណីវីរុសកូរ៉ូណាប្រចាំថ្ងៃនៅឥណ្ឌូនេស៊ីបានកើនដល់ជាង ៥៦.០០០ នាក់កាលពីខែមុន ដោយមន្ទីរពេទ្យទាំងអស់នៅកោះជ្វាដែលមានប្រជាជនច្រើនបំផុតត្រូវខ្វះខាតគ្រែនិងខ្វះអុកស៊ីសែន និងជោរជន់ដោយអ្នកជំងឺ៕