(ម៉ានីល)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី២០ខែសីហាឆ្នាំ២០២១បានបញ្ជាក់អោយដឹងថាប្រទេសហ្វីលីពីនបានរាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ១៩ ថ្មីប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាននៅថ្ងៃសុក្រនេះ ខណៈដែលអាជ្ញាធរបានសម្រេចបន្ធូរ បន្ថយការបិទខ្ទប់ទីក្រុង ដើម្បីអនុញ្ញាតឱ្យអាជីវកម្មកាន់តែច្រើនដំណើរការឡើងវិញ និងកាត់បន្ថយ ការលំបាកផ្នែកហិរញ្ញវត្ថុរបស់គ្រួសារក្រីក្រ។
មនុស្សជាង ១៣លាននាក់នៅក្នុងរដ្ឋធានី បានស្ថិត ក្រោមវិធានការបិទខ្ទប់កាលពីថ្ងៃទី០៦ ខែសីហា ខណៈវីរុសបំប្លែងខ្លួនថ្មី Delta ដែលមានសន្ទុះ ឆ្លងរីករាលលឿននោះបានធ្វើឲ្យចំនួនករណីឆ្លងកើនឡើងយ៉ាងគំហុក។
ទោះជាយ៉ាងណា ក្រុមការងារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍បានយល់ព្រម អនុញ្ញាតឱ្យអាជីវកម្មជាច្រើនបើកទ្វារឡើងវិញចាប់ពីថ្ងៃសៅរ៍សប្តាហ៍នេះ។ ប៉ុន្តែបទបញ្ជាឲ្យស្ថិតនៅផ្ទះសម្រាប់អ្នកធ្វើការងារដែលមិនចាំបាច់ នឹងនៅតែមាន ហើយការញ៉ាំ អាហារនៅភោជនីយដ្ឋានក៏នៅតែត្រូវបានហាមឃាត់ផងដែរ។
គួរបញ្ជាក់ថា ការសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិតនេះ បានកើតឡើងចំពេលដែលចំនួននៃករណីង ថ្មីប្រចាំថ្ងៃបានកើនឡើងដល់ ១៧,២៣១ករណីនៅថ្ងៃសុក្រនេះ ដែលជាតួលេខច្រើនបំផុតមិន ធ្លាប់មាន ដែលធ្វើឱ្យចំនួនសរុប នៃអ្នកកូវីដ១៩ របស់ប្រទេសកើនឡើងដល់ជាង ១.៨លាន ករណី៕