ប៉េកាំង៖ចិនបានដើរតួនាទីស្ថាបនាមួយនៅក្នុងការជំរុញសន្តិភាពនិងការផ្សះផ្សារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងត្រូវបានស្វាគមន៍ចំពោះការចូលរួមចំណែកស្ថាបនាប្រទេសអាហ្វហ្គានីស្ថានឡើងវិញ នេះបើតាមអ្វីដែលអ្នកនាំពាក្យក្រុមតាលីបង់បានប្រាប់ទៅកាន់សារព័ត៌មានចិនកាលពីថ្ងៃ១៩សីហា។
សូមបញ្ជាក់ថា ពួកសកម្មប្រយុទ្ធតាលីបង់បានដណ្តើមកាន់កាប់អំណាចនៅអាហ្វហ្គានីស្ថានកាលពីចុងសប្តាហ៍នៅក្នុងព្រឹត្តិការណ៍កោលាហលមួយដែលបានបញ្ជូនជនស៊ិវិលរាប់ពាន់នាក់និងសម្ពន្ធមិត្តយោធាអាហ្វហ្គានីស្ថានភៀសខ្លួនដើម្បីសុវត្ថិភាព។អ្នកខ្លះភ័យខ្លាចក្រែងក្រុមសកម្មប្រយុទ្ធនេះយកច្បាប់អ៊ីស្លាមដ៏តឹងរឹងមកប្រើឡើងវិញ ដូចដែលខ្លួនគ្រប់គ្រងប្រទេសអាស៊ីខាងត្បូងមួយនេះកាលពី២០ឆ្នាំមុន។
នៅក្នុងការប្រឈមដោះស្រាយជាមួយតាលីបង់ ចិនដែលកាន់តែមានឥទ្ធិពលខ្លាំងឡើងក្នុងតំបន់ទំនងជាអាចជំរុញសន្តិភាពនិងការផ្សះផ្សារនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយសារខ្លួនមិនដែលធ្លាប់ធ្វើសង្ក្រាមនៅក្នុងប្រទេសនេះដូចរុស្ស៊ីនិងអាម៉េរិក។
លោកស៊ូហេល សាហ៊ីន អ្នកនាំពាក្យក្រុមតាលីបង់បានប្រាប់ទូរទស្សន៍ចិនCGTNថា« ចិនជាប្រទេសធំមួយជាមួយនឹងអំណាចសេដ្ឋកិច្ចនិងសមត្ថភាព។ខ្ញុំគិតថា គេអាចដើរតួនាតីធំណាស់មួយនៅក្នុងការស្ថាបនា ស្តារនីតិសម្បទារ និងសាងសង់អាហ្វហ្គានីស្ថានឡើងវិញ»។
សូមរំលឹកថា ក្នុងអំឡុងជំនួបមួយជាគណៈប្រតិភូតាលីបង់មួយនៅទីក្រុងទៀនជីញ កាលពីខែមុន រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បាននិយាយថា លោកសង្ឃឹមថាអាហ្វហ្គានីស្ថានអាចប្រកាន់យកគោលនយោបាយអ៊ីស្លាមកណ្តាលនិយមមួយ។
ក្នុងពេលទូរស័ព្ទទៅកាន់សមភាគីអង់គ្លេសកាលពីថ្ងៃ១៩សីហា លោកវ៉ាងបាននិយាយថាពិភពលោកគួរណែនាំផ្លូវនិងគាំទ្រអាហ្វហ្គានីស្ថាននៅពេលប្រទេសនេះស្ថិតក្នុងអន្តរកាលឆ្ពោះទៅកាន់រដ្ឋាភិបាលថ្មីមួយ ជាជាងដាក់សម្ពាធថែម។ស្ថានការណ៍នៅអាហ្វហ្គានីស្ថាននៅមិនទាន់មានស្ថិរភាពនិងមិនប្រាកដប្រជានៅឡើយ។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិន លោកវ៉ាងបាននិយាយថា« សហគមន៍អន្តរជាតិគួរលើកទឹកចិត្ត និងណែនាំផ្លូវក្នុងទិសដៅវិជ្ជមានមួយ ជាជាដាក់សម្ពាធថែម»ដើម្បីអោយសភាពការណ៍មានលំនឹង៕