ភ្នំពេញៈ រហូតមកដល់សប្តាហ៍ទី៣ ក្នុងខែសីហានេះស្ថានភាព ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សាមានសភាពលឿនជាងឆ្នាំមុនដោយសម្រេចបាន ២.៦៥៨.៧៥៦ហ.ត ស្មើនឹង ១០១,៩០ភាគរយ នៃផែនការដាំដុះ ដែលឆ្នាំមុន សម្រេចបានតែ ៩៤,៧៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា។
នេះបើតាម លទ្ធផលដែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រកាសនៅព្រឹកព្រលឹមថ្ងៃនេះ ។
ឯកឧត្តម បានឲ្យដឹងថា លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ២.៧០១.១៨៩ហ.ត ក្នុងនោះ ភ្ជួររាស់ដោយគោក្របីចំនួន ១៦.២៦១ហ.ត ស្មើនឹង ០,៦០% និងដោយ គ្រឿងយន្តចំនួន ២.៦៨៤.៩២៨ហ.ត ស្មើនឹង ៩៩,៤០% លើសឆ្នាំមុន ១២៩.៤៤៩ ហ.ត។ លោកបានបន្តថា លទ្ធផលស្ទូងនិងព្រោះសម្រេចបានចំនួន២.៦៥៨.៧៥៦ ហ.ត ស្មើនឹង ១០១,៩០% នៃផែនការ ២.៦០៩.០៦៥ហ.ត លើសឆ្នាំមុន ២០៦.៨៧០ ហ.ត និងស្រូវតាមប្រភេទរួមមាន៖ ស្រូវស្រាលចំនួន ៨៩០.៦៤៥ហ.ត លើសឆ្នាំមុន ១៧៩.៦០០ហ.ត, ស្រូវកណ្ដាលចំនួន ១.២៨៩.៧៦២ហ.ត លើសឆ្នាំមុន ២៧.០៧៦ ហ.ត,- ស្រូវធ្ងន់ចំនួន ៤៣៦.០៩១ហ.ត លើសឆ្នាំមុន ៩.៨៦៥ហ.ត, ស្រូវចម្ការចំនួន ១៩.៦១២ហ.ត លើសឆ្នាំមុន ១.១១៦ហ.ត, ស្រូវទ្បើងទឹកចំនួន ២២.៦៤៦ហ.ត តិចជាងឆ្នាំមុន ១០.៧៨៧ហ.ត។
ឯកឧត្តម បានបន្តថា ដោយឡែកការងារប្រមូលផលស្រូវស្រាលដើមរដូវសម្រេច បានចំនួន ៣០២.៣៣៧ហ.ត លើផ្ទៃដីអនុវត្តស្រូវស្រាលសរុប ៨៩០.៦៤៥ហ.ត ដោយទទួលបានបរិមាណផលសរុបចំនួន ១.២៦៧.៧៩១តោន លើសឆ្នាំមុន ៧៨៩.១៥១តោន។ ទិន្នផលគិតជាមធ្យម ៤,១៩៣តោន/ហ.ត។
ក្រៅពីស្រូវ វិញ ចំពោះការងារបង្កបង្កើនផលដំណាំសាកវប្បកម្មនិងដំណាំ ឧស្សាហកម្មរដូវវស្សាឆ្នាំ២០២១ លោករដ្ឋមន្ត្រីបានឲ្យដឹងថា ផ្ទៃដីដំណាំសាកវប្បកម្ម មានដូចជាពោតស ដំឡូងជ្វា បន្លែគ្រប់មុខ ម្ទេស ឪឡឹក អនុវត្ដបានចំនួន ៥១.៥៣៧ហ.ត ស្មើនឹង ៩៥,៦៦ ភាគរយនៃផែនការ ៥៣.៦៨៦ហ.ត តិចជាងឆ្នាំមុន ១៦៥ហ.ត។ សម្រាប់ផ្ទៃដីដំណាំឧស្សាហកម្ម ដែលរួមមានពោត ក្រហម ដំឡូងមី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ឈូកជាដើម អនុវត្ដ បានចំនួន ៧៦៦.៣៧៥ហ.ត ស្មើនឹង ៩៣,៤៦ភាគរយនៃផែនការ ៨១៩.៩៨៩ហ.ត លើសឆ្នាំមុន ៧.៩៤៤ហ.ត។
គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដំណាំស្រូវនៅខេត្តចំនួន៤ ដូចជាបន្ទាយ មានជ័យ កណ្តាល ពោធិ៍សាត់ និងខេត្តសៀមរាប បានបន្តរងផលប៉ះពាល់ និងខូចខាតដោយគ្រោះរាំងស្ងួត។ ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបចំនួន ៦៧ .៩៤២ហ.ត ស្មើនឹង ២,៥៦ភាគរយ នៃផ្ទៃដីដំណាំស្រូវអនុវត្តបានទូទាំងប្រទេស។ តាមការវាយតម្លៃ ខេត្តបន្ទាយមានជ័យ កណ្តាល ពោធិ៍សាត់ និងខេត្តសៀមរាប ផ្ទៃដីដំណាំស្រូវខូចខាតសរុបចំនួន ១០.៥៥៣ហ.ត និងស្តារបានចំនួន ២ ៣៧៦ហ.ត៕