(តៃវ៉ាន់)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១បានអោយដឹងថាប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថាការវិលត្រឡប់របស់ប្រទេសអាហ្វហ្កានីស្ថាន ទៅរកការ គ្រប់គ្រងដោយក្រុមតាលីបង់វិញ បន្ទាប់ពីការដកកងទ័ពអាមេរិកចេញ បានបង្ហាញថាកោះតៃវ៉ាន់ ត្រូវការ «បង្កើនភាពរឹងមាំ និងសាមគ្គីភាពបន្ថែម» ដើម្បីធានាបាននូវការការពារខ្លួនឯង។
ទីក្រុងវ៉ាស៊ីនតោននៅតែជាសម្ព័ន្ធមិត្តក្រៅផ្លូវការដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់។ ប៉ុន្តែ ការចាក ចេញភ្លាមៗរបស់កងកងទ័ពអាមេរិកពីទីក្រុងកាប៊ុល (Kabul) បានបង្កឱ្យមានការពិភាក្សានៅកោះ តៃវ៉ាន់ថាតើសហរដ្ឋអាមេរិកអាចឱ្យទីក្រុងតៃប៉ិ (Taipei) ពឹងផ្អែកលើការការពាររបស់ខ្លួនបាន ដែរឬទេ។
លោកស្រី Tsai បាននិយាយអំពីកង្វល់ទាំងនោះដោយផ្ទាល់នៅក្នុងការបង្ហោះសារ លើគណនី បណ្ដាញសង្គមហ្វេសប៊ុករបស់លោកស្រីថា «ការផ្លាស់ប្តូរ នាពេលថ្មីៗនេះនៅអាហ្វហ្គានីស្ថាន បាននាំឱ្យមានការពិភាក្សាជាច្រើននៅកោះតៃវ៉ាន់។ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថាជម្រើសតែមួយគត់របស់កោះតៃវ៉ាន់ គឺត្រូវការធ្វើឱ្យខ្លួនយើងកាន់តែរឹងមាំ បង្កើនការសាមគ្គីភាព និងភាពម៉ឺងម៉ាត់ជាងមុនក្នុងការប្តេជ្ញាការពារខ្លួនយើង»។
លោកស្រី Tsai បានបន្ថែមថា «កោះតៃវ៉ាន់គួរតែអនុវត្តការពឹងផ្អែកលើខ្លួនឯង។ វាមិនមែនជា ជម្រើសសម្រាប់យើងនោះទេ ដែលមិនធ្វើអ្វីដោយខ្លួនយើង ហើយគ្រាន់តែពឹងផ្អែកលើការការពារ របស់អ្នកដទៃ»។
សូមជម្រាបថា ប្រទេសចិនបានបង្កើនសម្ពាធទាំងយោធា ការទូត និងសេដ្ឋកិច្ចចាប់តាំងពីលោកស្រី Tsai ឡើងកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់ កាលពីឆ្នាំ២០១៦ មកម៉្លេះ ដោយសារលោកស្រី យល់ឃើញថា កោះតៃវ៉ាន់មានឯករាជ្យរួចទៅហើយ ហើយមិនមែនជាផ្នែកមួយនៃប្រទេសចិន នោះទេ៕