កងទ័ពអាមេរិកនឹងបន្តស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន រហូតទាល់តែពលរដ្ឋអាមេរិក ត្រូវបានជម្លៀសចេញ

(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែ សីហា ឆ្នាំ២០២១គឺបានបញ្ជាក់ប្រាប់អោយដឹងថាលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បាន និយាយថានឹងឱ្យកងទ័ពអាមេរិកបន្ត ស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថានរហូតទាល់តែ ពលរដ្ឋ អាមេរិកទាំងអស់ត្រូវបានជម្លៀសចេញ ដែលនេះមានន័យថាទោះជាត្រូវរក្សាទុកកង ទ័ពអាមេរិក លើសពេលកំណត់ដកចេញត្រឹមថ្ងៃទី៣១ ខែសីហានេះ ក៏ដោយ។

លោក បៃដិន ធ្វើការកត់ សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC News នៅថ្ងៃពុធសប្ដាហ៍ នេះ (ម៉ោងនៅវ៉ាស៊ីនតោន) និងជាការឆ្លើយតប ទៅនឹងអ្នករិះគន់ដែលចង់ឱ្យសហរដ្ឋអាមេរិកប្រឹង ប្រែងបន្ថែមក្នុងការជម្លៀសពលរដ្ឋស៊ីវិល និងដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន។

លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជម្លៀសពលរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចេញពីអាហ្វហ្កានីស្ថានឱ្យបានមុនថ្ងៃផុតកំណត់ …តែយើងអាចនឹងនៅទីនោះលើស កាលកំណត់ រហូតទាល់តែពួកគេទាំងអស់គ្នាត្រូវបានជម្លៀស»។

សូមបញ្ជាក់ថា កងទ័ពអាមេរិក ១៥,០០០នាក់ កំពុងបន្តស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ឡើងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន កាលពីចុងសប្ដាហ៍មុន ហើយបើតាម ការគ្រោងទុកកងទ័ពអាមេរិកទាំងអស់នឹងត្រូវដកចេញឱ្យបានមុនថ្ងៃទី៣០ ខែសីហា ពោលគឺធ្វើ យ៉ាងណាឱ្យបានមុន ខួបមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕