ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុកនៅព្រលប់ថ្ងៃទី១៨ខែ សីហា ២០២១ នេះធ្វើការបញ្ជាក់ទៅកាន់នាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង ,ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវចងចាំពាក្យ (ទិញពីកសិករ)គឺសំដៅដល់កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់ ។
សម្តេចបានថ្លែងថាខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញមៀនពីកសិករដែលកំពុងជួបការលំបាកតែខ្ញុំ ពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចំការមៀនច្រើននោះទេសុំការយោគយល់ផង។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើផេកហ្វេសបុកផ្លូវការថា៖«ថ្មីៗនេះខ្ញុំបានចេញបញ្ជាឱ្យនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង ដឹកនាំកម្លាំងទៅប្រមូលទិញផ្លែ មៀនពីកសិករដែលមិនអាចរកទីផ្សារដើម្បីលក់មៀនបាន ។ នៅពេលប្រមូលទិញបានខ្ញុំនឹងយកទៅចែកជូន កងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូនដែល កំពុងធ្វើចត្តាឡីស័កទទួលទានដោយមិនគិតថ្លៃ »។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថានេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រយើងខាតបង់ធ្ងន់ធ្ងរពេកហើយខ្ញុំក៏មិនប្រើថវិកាជាតិដើម្បីទិញនោះ ដែរ ។
សម្តេចបន្តថា៖ជាដំណោះស្រាយសម្រាប់រយៈពេលខាងមុខគឺក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាលខេត្តបាត់ដំបង និង អភិបាលខេត្តប៉ៃលិនត្រូវខិតខំដោះស្រាយ រកទីផ្សារជូនកសិករយើង ។
សម្តេចក៏បានគូសបញ្ជាក់ទៀតថា៖«ឯកឧត្តម ហ៊ីង ប៊ុនហៀង ,ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង,លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវចងចាំពាក្យ (ទិញពីកសិករ)សំដៅដល់កសិករក្រីក្រដែលដាំមៀនដោយផ្ទាល់។
សម្រាប់ចំការមៀនរបស់មន្ត្រីទាំងស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬ អ្នក ជំនួញត្រូវរកទីផ្សារដោយខ្លួនឯង»។
សម្តេចបន្តថា៖« ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករដែលកំពុងជួបការលំបាកតែខ្ញុំពុំមានលទ្ធភាពជួយដល់ម្ចាស់ដីដែលមានចំការមៀនច្រើននោះទេសុំការយោគ យល់ផង»៕