ស៊ីដនី៖ រដ្ឋញូវសោតវេសស៍ ដែលមានប្រជាជនច្រើនបំផុតរបស់អូស្ត្រាលីនៅថ្ងៃពុធនេះបានរាយការណ៍អ្នកឆ្លងកូវីដ១៩ច្រើនបំផុតចំនួន៦៣៣នាក់នៅពេលមានការព្រួយបារម្ភអំពីកំណើននៃការឆ្លងរាលដាលវីរុសកូរ៉ូណាបំប្លែងខ្លួនdeltaហួសពីក្រុងស៊ីដនី។ការឆ្លងច្រើនបំផុតកាលពីលើកមុននៅរដ្ឋញូវសោតវេលស៍ រួមទាំងទីក្រុងស៊ីដនី មានចំនួន៤៦៦នាក់ កាលពីថ្ងៃសៅរ៍មុន ។
មនុស្ស៣នាក់ទៀតបានស្លាប់ដោយកូវីដ១៩ ដែលនាំអោយការស្លាប់ដោយជំងឺនេះសរុបនៅក្រុងស៊ីដនីឡើងដល់៦០នាក់ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក។
ទីក្រុងស៊ីដនីត្រូវបានបិទខ្ទប់ចាប់តាំងពីថ្ងៃ២៦មិថុនា ហើយរដ្ឋទាំងមូលត្រូវបានបិទខ្ទប់ចាប់តាំងពីថ្ងៃសៅរ៍មក។នៅនូវែលសេឡង់ក្បែរខាងឯណេះវិញ ការផ្ទុះកូវីដ១៩លើកដំបូងក្នុងរយៈពេល៦ខែមកនេះ បានចម្លងមនុស្ស៧នាក់ ហើយនាយករដ្ឋមន្ត្រី ចាស៊ីនដា អាដឺន បាននិយាយកាលពីថ្ងៃពុធថា ចំនួនឆ្លងត្រូវរំពឹងថានឹងកើនឡើង ក្រោយពីអ្នកជំងឺកូវីដ១៩ខ្កះបានឆ្លងវានៅព្រះវិហារ សាលា រៀន កាស៊ីណូនិងមន្ទីរពេទ្យមួយ។លោកស្រី អាដឺន ក៏បានប្រកាសថា ប្រជាជននឹងត្រូវចាប់បង្ខំអោយពាក់ម៉ាស់នៅផ្សារ ស្ថានីយឥន្ធនៈ និងឳសថស្ថានក្នុងអំឡុងពេលបិទខ្ទប់ប្រទេស។នូវែលសេឡង់បានប្រកាសបិទខ្ទប់ប្រទេសកាលពីថ្ងៃអង្គារ បន្ទាប់ពីរកឃើញបុរសម្នាក់កើតកូវីដ១៩មិនដឹងប្រភពចម្លងច្បាស់លាស់៕