(ភ្នំពេញ)៖ កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងត្រៀម រៀបចំពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បានឆ្លងកាត់ការ ត្រួតពិនិត្យដោយជោគជ័យហើយ។ នេះបើតាមការជូនដំណឹងរបស់ស្ថានទូត សាធារណរដ្ឋប្រជា មានិតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ស្ថានទូតចិននៅកម្ពុជា បាន ប្រកាសលើបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃពុធនេះថា «កាលពីថ្ងៃទី១៦ ខែសីហា ពហុកីឡដ្ឋាន ជាតិមរតកតេជោ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនបានឆ្លងកាត់ការត្រួតពិនិត្យដោយជោគជ័យ។ នេះបានបង្ហាញពីអត្ថន័យសំខាន់នៃ “នាវាមិត្តភាព” រវាងចិន និងកម្ពុជា និងការផ្សារភ្ជាប់រវាងបេះដូងនៃប្រជាជនទាំងពីរ»។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងកាល ពីថ្មីៗថា បច្ចុប្បន្នគ្រប់មុខងារ នៃការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោបានចប់សព្វគ្រប់ ហើយ នៅសល់តែការរៀបចំហេដ្ឋារចនាសម្ព័ន្ធតិចតួចទៀតប៉ុណ្ណោះ។ ដូច្នេះក្នុងពេលឆាប់ៗខាងមុខភាគីចិននឹងធ្វើការប្រគល់សំណង់ប្រវត្តិសាស្ដ្រដ៏មហាសាលនេះមកដល់ NOCC គ្រប់គ្រង និងថែរក្សា។
តាមការបញ្ជាក់របស់ស្ថានទូតចិននៅកម្ពុជា គម្រោងខាងលើនេះមានទំហំផ្ទៃដីប្រមាណ ១៦.២២ ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រក្រឡា គឺជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នក ទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមិទ្ធភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ ជាតិ និងអន្តរជាតិធំៗ ពិសេសនឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ស្វាគមន៍ការប្រកួត កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ ខាងមុខ។
នេះគឺជាពហុកីឡដ្ឋានទំហំធំបំផុត និងកម្រិតខ្ពស់បំផុត ដែលជាជំនួយរបស់រដ្ឋាភិបាលចិននា បច្ចុប្បន្ន និងជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌការកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ” រវាងចិន និងកម្ពុជា៕