ព្រំដែនកម្ពុជា-ថៃ: ពលករខ្មែរចំនួន៣០នាក់ ត្រូវអាជ្ញាធរមានសមត្ថកិច្ចស្រុកខ្លងហាត ខេត្តស្រះកែវ សហការជាមួយកម្លាំងទាហានឈុតខ្មៅទី១៣ និងនគបាលស្រាវជ្រាវ នគបាលខេត្តស្រះកែវ និងអង្គភាពពាក់ព័ន្ធ បញ្ជូនមកកន្លែងស្នាក់នៅបណ្តោះអាសន្ន នៅបរិវេណបន្ទាត់ព្រំដែនថៃ-កម្ពុជា ក្នុងភូមិសាស្ត្រស្រុកខ្លងហាតទល់មុខស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ និងស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានពីកងកម្លាំងការពារព្រំដែនកម្ពុជាបានឲ្យដឹងថ្ងៃទី១២ ខែសីហាថា ៖ ហេតុការណ៍ដែលកម្លាំងចម្រុះថៃបានចុះពិនិត្យប្រទះឃើញពលករខ្មែរ ចំនួន៣០នាក់ (ស្រី១៨នាក់) ខាងលើនេះ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅចំណុចបរិវេណថ្នល់ភូមិ វ៉ាំងចើក ឃុំត្រៃដៀវ ស្រុកខ្លងហាត ខេត្តស្រះកែវ ចម្ងាយពីព្រំដែនកម្ពុជា-ថៃ ប្រមាណ២០គីឡូម៉ែត្រ។
បើតាមពលករអោយដឹងថា ពួកគេត្រូវបានអ្នកជូនដំណើរនាំមកបំបោះបង់ចោល ដើម្បីឲ្យធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ ក្នុងអំឡុងស្ថានការណ៍វិបត្តិរបស់កូវីដ-១៩ ដែលកន្លែងធ្វើការភាគច្រើនទទួលរងផលប៉ះពាល់ មិនមានការងារធ្វើ៕