មនុស្ស ១០នាក់ស្លាប់ ក្នុងគ្រោះរអិលបាក់ដីនៅប្រទេសឥណ្ឌា

(ញូដេលី)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែ សីហា ឆ្នាំ២០២១ បានបញ្ជាក់ប្រាប់អោយដឹងថាមនុស្សយ៉ាងហោច ១០នាក់បានស្លាប់ និងរាប់សិប នាក់ទៀត កំពុងជាប់នៅក្រោមគំនរបាក់បែកនៅឡើយ បន្ទាប់ពីគ្រោះរអិលបាក់ដីបានវាយប្រហារ ស្រុកមួយស្ថិតនៅតំបន់ព្រំដែនជួរភ្នំហិម៉ាឡៃ (Himalayan) ភាគខាងជើងប្រទេសឥណ្ឌា កាលពី ថ្ងៃពុធម្សិលមិញនេះ។

គ្រោះរអិលបាក់ដី នៅថ្ងៃពុធម្សិលមិញនេះបានកើតឡើងនៅលើផ្លូវហាយ វេយហ៍ (High Way) មួយដែលស្ថិតនៅក្នុងស្រុក Kinnaur នៃរដ្ឋហ៊ីម៉ាចាល់ ប្រាដេស (Himachal Pradesh) ដោយផ្ទាំងថ្មភ្នំ បានបាក់រលំធ្លាក់ចំរថយន្តដឹកទំនិញ រថយន្តក្រុង និងរថយន្តផ្សេងៗទៀត ដែលកំពុងធ្វើដំណើរនៅលើផ្លូវហាយវេយហ៍នោះ ដែលបង្កឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់ បានស្លាប់ ខណៈ ០៥នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

ប៉ុន្តែប្រហែល៣០នាក់ផ្សេងទៀត នៅតែជាប់ក្រោមគំនរបាក់បែកនៃផ្ទាំងថ្មនោះដដែល៕