(កាប៊ុល)៖ មន្ត្រីម្នាក់មកពីក្រសួងការពារជាតិអាមេរិកបាននិយាយថាក្រុមសកម្មប្រយុទ្ធតាលីបង់អាចនឹងឡោមព័ទ្ធរដ្ឋធានីកាប៊ុល ក្នុងរយៈពេល៣០ថ្ងៃ ហើយអាច វាយយករដ្ឋធានីមួយនេះតែម្ដងក្នុង ពេល៩០ថ្ងៃខណៈក្រុមសកម្មប្រយុទ្ធមួយនេះនៅតែបន្តវាយលុករុលទៅមុខក្នុងសមរភូមិនៅទូទាំងប្រទេស។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។
មន្ត្រីអាមេរិកខាងលើដដែលធ្វើការអះអាងបែបនេះប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ សប្ដាហ៍នេះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងផ្អែកលើប្រភពបាន មកពីទីភ្នាក់ងារស៊ើប ការ សម្ងាត់អាមេរិកដែលបានវាយតម្លៃជាថ្មីថាតើកងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថានអាចប្រឈមមុខ និងការពារទីក្រុងកាប៊ុលពីការវាយលុកពី សំណាក់ក្រុមតាលីបង់បានយូរប៉ុណ្ណា ក្រោយកងទ័ព អាមេរិកត្រូវបានដកចេញ។
តែទោះជាយ៉ាងនេះក្ដីមន្ត្រីរូបនេះបានបញ្ជាក់ថាការវាយតម្លៃនេះមិនមែនជា ការសន្និដ្ឋានទុកជា មុនពីជ័យជម្នះរបស់ក្រុមតាលីបង់នោះទេដ្បិតកងកម្លាំងអាហ្វហ្កានីស្ថាននៅតែមានឱកាសទប់ទល់តាមរយៈការបង្កើនការតស៊ូបន្ថែម។
សូមជម្រាបថា មកទល់បច្ចុប្បន្ន ក្រុមតាលីបង់កំពុងគ្រប់គ្រងទឹកដីអាហ្វហ្កានីស្ថាន ៦៥ភាគរយ ហើយទើបតែបានវាយដណ្ដើមយកបានទីក្រុងចំនួន៨បន្ថែម ក្នុងនោះ រួមមានទាំងការវាយយក ទីក្រុង Faizabad នៃខេត្ត Badakhshan ស្ថិតនៅភាគឦសាននៃប្រទេសកាលពីថ្ងៃពុធម្សិលមិញ។ កងទ័ពអាមេរិកនឹងត្រូវដកចេញទាំងអស់ ពីអាហ្វហ្កានីស្ថានតាមបញ្ជារបស់លោកប្រធានាធិបតី ចូ បៃដិន ឱ្យបានមុនថ្ងៃទី៣១ ខែសីហានេះ៕